រាជធានីភ្នំពេញ ៖ ពិធីមង្គលការតារាសម្ដែង លោក ណាត់ បូរី បានចាប់ផ្ដើមហើយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈមកចូលរួមយ៉ាងច្រើនកុះករធ្វើក្បែរព្រំដែនបាវិត កម្ពុជា-វៀតណាម តែម្ដង។

ថ្លែងក្នុងពិធីមង្គលការលោក ណាត់ បូរី បានឲ្យដឹងថា ខ្លួន និងភរិយាពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលឃើញវត្តមាន ឯកឧត្ដម លោកជំទាវ ផលិតករ និងអ្នកសិល្បៈបានផ្ដល់ជាកិត្តិយសចូលរួមក្នុងថ្ងៃជ័យមង្គើរបស់លោកឡើងច្រើនកុះករបែបនេះ។ ក្នុងនាមលោកជាកូនកំលោះគ្មានពាក្យអ្វីក្រៅពីថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូននោះទេ។

នៅលើសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍មិនតិចទេ ជាមួយនឹងកម្រងរូបថតអមដោយទេសភាពយ៉ាងប្រណីតមុនពេលដែលលោក និងគូដណ្ដឹង ជិតចូលរោងការ។ ម្នាក់ៗសរសើរថា កម្រងរូបថតរបស់លោកថាមើលហើយទាក់ភ្នែក និងច្រណែននោះផង។
លោក ណាត់ បូរី បានសារភាពថា មង្គលការរបស់លោកធ្វើឡើងដល់ជាង១៤០តុ ទៅលើសនេះមែន ដោយសារតែគ្រួសាររបស់អនាគតភរិយាលោក គឺអ្នកមានមុខមាត់នៅក្រុងបាវិត។

យ៉ាងណាមិញសម្រាប់តារាសិល្បៈលោកអញ្ជើញតែរវង្វង់ក្រោម១០តុប៉ុណ្ណោះ ដោយសារតែមង្គលការនៅឆ្ងាយពេក។ ក្នុងលោកក៏មិនមានគម្រោងធ្វើពិធីកាត់ចំណងដៃនៅភ្នំពេញដែរ ដើម្បីកុំឱ្យពិបាករំខានភ្ញៀវ ជាពិសេសគឺរវល់ខ្លាំង។
លោកថា តារាសិល្បៈនឹងចូលរួមច្រើនសម្រាប់មង្គលការរបស់លោកនៅថ្ងៃទី២១ ធ្នូ ក្នុងឆ្នាំ២០១៩ នៅក្រុងបាវិតនោះ ប៉ុន្តែបើឱ្យអញ្ជើញទៅក្នុងចំនួនប៉ុន្មានរូបឱ្យប្រាកដនោះ គឺមិនទាន់ដឹងទេ។ លោកសារភាពថា ពិធីទាំងមូលចំណាយខ្ពស់ ដោយសារតែធ្វើច្រើនតុ ខណៈដែលគ្រួសារទាំងសងខាងក៏នឹងធ្វើឱ្យសមនឹងមុខមាត់ឪពុកម្ដាយក្មេក ដែលជាអ្នកជោគជ័យនៅក្រុងបាវិត លើជំនួញដីធ្លី។

ភរិយារបស់លោក ក៏ជាអ្នកនាំចូលផ្ដាច់មុខផលិតផលអនឡាញ ដែលជោគជ័យម្នាក់ផងដែរ ទើបលោកប្រាប់ថា មង្គលការពិបាកធ្វើឡើងតិចតួច។ ការបង្អួតរូបថត Pre-wedding ដែលពោរពេញដោយទេសភាពយ៉ាងប្រណីត លោក ណាត បូរី ប្រាប់ថា រូបថតទាំងនោះគឺលោក និងគូដណ្ដឹងចេញថតដល់ទៅ៤ប្រទេសឯណោះ គឺនៅកម្ពុជា វៀតណាម សិង្ហបុរី និងឥណ្ឌូនេស៊ី ទើបទិដ្ឋភាពអនុស្សាវរីយ៍របស់លោកមើលទៅស្រស់ស្អាត។ នោះក៏ជាឱកាសអាចឱ្យលោក និងភរិយាទៅកសាងអនុស្សាវរីយ៍នៅឯនាយសមុទ្រផងដែរ ទើបលោក និងគូស្នេហ៍ សុខចិត្តចំណាយដល់ម្ល៉ឹង។ (កែសម្រួលដោយ ៖ បុប្ផា)








