មន្ត្រី​នគរបាល​ម្នាក់​ជួប​គ្រោះ​អកុសល​ក្នុងភូមិ​ទ្រា

118

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​បែកក្បាល​បាក់​ក​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ហាង​កាត់សក់​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

Loading...

ជន​ង​គ្រោះ​ឈ្មោះ អឿ​ន មក​រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ស្នាក់​នៅផ្ទះ​លេខ​៣៦១ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BU-៨២៥៦ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ធ្វើ​ដំណើរ​ចុះ​ពី​ផ្លូវ​ធំ​ចូល​ទៅ​ក្នុងភូមិ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង ហើយ​អ្នកបើកបរ​មិន​បន្ថយល្បឿន ទើប​បណ្ដាលអោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​របង​ផ្ទះ​កាត់សក់​មួយ​កន្លែង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​បាក់​ក​បាត់បង់​ជីវិត​កៀប​ជាប់​នឹង​ម៉ូតូ​តែ​ម្ដង ។

បន្តិច​ក្រោយមក គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ ព្រមទាំង​ទំនាក់ទំនង​ហៅ​សាច់ញាតិ​អោយមក​ទទួលយក​ជន​រង​គ្រោះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​ជន​រង​គ្រោះ​ឱ្យទៅ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​អធិការ​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ប្រគល់​អោយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)