ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបង្ហាញមុខជនសង្ស័យប្លន់ចំនួន៥នាក់ រួមជាមួយនឹងវត្ថុតាងជាច្រើនដែលបានបង្ក្រាបក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរភូមិន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនិងជំរុញក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ការពារសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក៏ដូចជាមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ក្រាប ករណីប្លន់ ជាបន្តបន្ទាប់ ក្នុងនោះបានបង្ក្រាបជនសង្ស័យចំនួន៥នាក់រួមជាមួយនឹងវត្ថុតាងជាច្រើន ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ បានបញ្ជាក់ថា ករណីទី១-នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ឡាន សៀវម៉េង និងម្នាក់ទៀតឈ្មោះសេង តុលា ។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅភូមិដើមពពេល ឃុំថ្មឥដ្ធ ស្រុកកំពង់ត្រឡាច ។ ករណីទី២-នៅថ្ងៃទី១៩ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀត នៅចំណុចខណ្ឌព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ដោយចាប់បានជនសង្ស័យម្នាក់ឈ្មោះ ហេង តុលា ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ បានបញ្ជាក់បន្តថា ករណីទី៣-ថ្ងៃទី១៩ ខែធ្នូ ដដែល សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាវ យ៉ាន ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច ភ្នំរាប ខេត្តកណ្ដាល និងករណីទី៤-នៅថ្ងៃទី២១ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀតឈ្មោះ តែម ចេក នៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ជាមុខសញ្ញាទទួលផលចោរកម្ម ។ ចំពោះវត្ថុតាងដកហូតបានមានម៉ូតូចំនួន៤គ្រឿង និងសម្ភារៈជាច្រើនទៀត ។ លោកមេបញ្ជាការរងបានបញ្ជាក់ដែរថាជនសង្ស័យទាំង៥នាក់សុទ្ធតែមានសារធាតុញៀនជាប់ខ្លួន ។

នៅព្រឹកនោះផងដែរ លោកមេបញ្ជាការរងកងរាជអាវុធហត្ថក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ ដូចមានភិនភាគដូចខាងលើនេះ សូមមកទំនាក់ទំនងនៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីទទួលយកម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ក្នុងនោះម៉ូតូ១គ្រឿងក្នុងចំណោម៤គ្រឿងជារបស់លោកស្រី ផាត់ ស្រីល័ក្ខ សមាជិកក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)



