រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មុននិយាយប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍត្រូវនិយាយសន្តិភាពជាមុន ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីក្រុមប្រឆាំងក៏ដូចជា បណ្តាប្រទេសមួយចំនួនទាមទារឲ្យកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។

សម្តេចតេជោបានលើកឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ថា មុននឹងនិយាយដល់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍត្រូវនិយាយពីសន្តិភាពជាមុនសិន ។ សម្តេចបញ្ជាក់ថា ៖«យើងមិនយល់ស្របជាមួយអ្នកណាក៏ដោយដែលមើលស្រាលនូវតម្លៃសន្តិភាព ព្រោះប្រទេសរបស់យើងបានឆ្លងកាត់នៃការលំបាកសោដនាកម្មរាប់មិនអស់ ។ យើងមិនអាចទទួលយកបាននូវការប្រមាថណាមួយនូវអ្វីដែលយើងធ្វើ ដើម្បីសន្តិភាពរ បស់យើង ប៉ុន្តែត្រូវបានប្រមាថពីមជ្ឈដ្ឋានណាមួយចំនួនដែលយើងមិនយល់ព្រមទេ» ។
សម្តេចបានលើកឡើងទៀតថា ព្រោះតែសង្គ្រាមឆ្នាំ១០៩៧០ ដល់១៩៧៥ ហើយបន្តដល់របបប៉ុលពត ។ ហើយបើគ្មានសង្គ្រាមឆ្នាំ១៩៧០ ក៏មានរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៥ -១៩៧៩ដែរ ។ បន្ទាប់បញ្ចប់របបប្រល័យពូជសាសន៍សង្គ្រាមក៏បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបបានត្រូវបញ្ចប់ ។ ចំណងដែលអ្នកជាន់មុនបង្កើត ហើយសង្គ្រាមដែលអ្នកជាន់មុនបានបង្កើតត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ ។
សម្តេចសង្កត់ធ្ងន់ថា ៖«នោះហើយ គឺជាបទពិសោធន៍ដែលយើងត្រូវមានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពលើទឹកដីក៏កំសត់របស់ហើយ ។ គ្មានសន្តិភាព កុំនិយាយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ អតីតកាលបានបង្ហាញប្រាប់យើងហើយ ហើយឥឡូវនេះប្រទេសមួយចំនួនបានកំពុងស្ថិតក្នុងសង្គ្រាម ដូច្នេះគេយល់ថា ការអភិវឌ្ឍមិនបានអភិវឌ្ឍន៍នោះទេដូចជា នៅប្រទេសអ៊ីរ៉ាក់ ស៊េរី លីប៊ី យ៉េមែន ជាដើម» ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានប្រកាសទទួលស្គាល់ថា សន្តិភាពមួយដែលគ្មានការអភិវឌ្ឍពិតជាមិនអាចរក្សាបានសន្តិភាពនោះទេ ។ ដំណើរប្រជាធិបតេយ្យ និងកាគោរពសិទ្ធិមនុស្សក៏ជាផ្នែកមួយ ដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍដែរ ។ ដូច្នេះទន្ទឹមនឹងការឲ្យតម្លៃសន្តិភាព យើងក៏ឲ្យតម្លៃទៅលើការអភិវឌ្ឍ ដំណើរការប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស» ។ ចំពោះការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោក សម រង្ស៊ី លើកឡើងថា មានតែសហគមន៍អន្តរជាតិទេ ដែលអាចធានាទាំងលទ្ធិប្រជាធិបតេយ្យ ទាំងអព្យាក្រិតភាព សម្រាប់ប្រទេសកម្ពុជា ដើម្បីធានាសន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល ៕ កែសម្រួលដោយ ៖ សុឃាក់