រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យលោកជា សុផារ៉ា និងអភិបាលខេត្តកោះកុង ចុះទៅពិនិត្យផ្ទាល់តំបន់ដែលចាក់ដីចូលក្នុងសមុទ្រ នៅខេត្តកោះកុងដោយគ្មានការអនុញ្ញាត ។

សម្តេចតេជោបានលើកឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត កាលពីថ្ងៃទី២១ ធ្នូនេះថា យើងត្រូវតែខិតខំការពារឆ្នេសមុទ្ររបស់យើងឲ្យបានគង់វង្ស កុំឲ្យឆ្នេសមុទ្ររបស់យើងត្រូវបានបំផ្លាញការទម្លាក់ទឹកស្អុយចូលទៅក្នុងសមុទ្រ ការចាក់ដីបំពានទៅក្នុងសមុទ្រ ការកាប់ព្រៃកោងកាងចោល ដើម្បីទន្ទានយកដីឡើយ ។

ចំណុចទាំងអស់នេះ គឺជាចំណុចដែលខេត្តនីមួយៗត្រូវធ្វើ ។ សម្តេចតេជោបានបញ្ជាក់ថា ៖«គណៈអភិបាលខេត្តត្រូវមើលរឿងចាក់ដីកន្លែងណាហាមឃាត់ ។ ខ្ញុំហាក់ដូចជា ឮដំណឹងថា នៅខេត្តកោះកុងមានការចាក់ដីចូលទៅក្នុងមាត់សមុទ្រដោយគ្មានការអនុញ្ញាត ។ អីញ្ចឹងស្នើឲ្យឯកឧត្តមជា សុផារ៉ា និងអភិបាលខេត្តកោះកុងពិនិត្យជាបន្ទាន់ចំពោះការចាក់ដីចូលក្នុងសមុទ្រដោយគ្មានការអនុញ្ញាត» ។
សម្តេចក៏បានលើកឡើងថា ការចាត់ដីចូលក្នុងសមុទ្រនេះ មានងានាយទាហានទៀតផង ដែលចូលរួមក្នុងសកម្មភាពនេះ ។ សម្តេចបើសិនជាមានករណីនេះពិតមែន សម្តេចមិនអនុញ្ញាតឲ្យមានឈ្មោះជានាយទាហានបន្តទៀតនោះទេ ។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បើទុកយ៉ាងដូច្នេះ ពួកគេនឹងក្លាយជាអ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយមិនអាចអនុញ្ញាតឲ្យមានទេ ។ ប៉ុន្តែយើងក៏អនុញ្ញាតឲ្យមានការលុបសមុទ្រ ក្នុងករណីចាំបាច់ និងការកសាងខ្លះដូចជាធ្វើកំពង់ផែ ចាក់ថ្ម ដើម្បីរាំងទឹករលក នៅតំបន់កម្សាន្តខ្លះ ដោយមានការសិក្សា» ។
សម្តេចក៏បានលើកឡើងទៀតថា សុំកុំបំផ្លាញបេតិកភណ្ឌ កុំបំផ្លាញតំបន់ឆ្នេ និងកុំបំផ្លាញព្រៃប្រឹក្សា ដើម្បីយកមកបំរើតម្រូវការក្នុងរយៈពេលខ្លី ។ ត្រូវរក្សាទុកនូវអ្វីដែលយើងមាន និងបំពេញបន្ថែមទៀត ដោយការដាំដើមឈើបន្ថែម ដើម្បីទទួលបានផលក្នុងរយៈពេលវែង ៕ កែសម្រួលដោយ ៖ សុឃាក់