សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​គីឡូ ​​​វារ​​ចូលដីឡូត៍ផ្ទះ​ប្រជា​ពលរដ្ឋ​

413

រាជធានី​ភ្នំពេញ ៖ សត្វ​ពស់ថ្លាន់​មួយ​ក្បាល​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​វារ​ចេញពី​ទឹក​ត្រពាំង​​លូនចូលដីឡូត៍ផ្ទះ​ប្រជា​ពលរដ្ឋ​​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

Loading...

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ភូមិ​ខាងលើ នៅ​មាន​ទី​ទំនាប ស្មៅ ត្រពាំង ដែល​មិន​ទាន់​ចាក់​ដី​លុប​អស់​នៅឡើយ​ទេ ហើយ​ជា​រឿយ​ៗ​គេ​តែងតែ​ប្រទះ​ឃើញ សត្វ​ពស់ថ្លាន់​តូច​ធំ​វារ​លូន​ចេញ​ឡើងគោក និង​ចាប់​មាន់​ទា​របស់​អ្នកស្រុក​ស៊ី​ជា​ចំណី សឹង​រាល់ថ្ងៃ​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទៅ​មើល​ស្បៃ​មុង​ដែល​គេ​ដាក់​ចាប់​ត្រី ស្រាប់តែ​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​មួយ​ក្បាលមាន​ទម្ងន់​ជាង​២០​គីឡូក្រាម ដោយសារ​តែ​ពួក​គាត់​មានការ​នឹក​អាណិត និង​គ្មាន​អ្នក​យក​ទៅ​ណា​ក៏​ចាប់​លែង​ចូល​ទៅ​ក្នុង​ទឹក​ត្រពាំង​ដែល​ពេញ​ដោយ​ត្រកួន ស្រាប់តែ​មួយសន្ទុះ​ក្រោយមក សត្វ​ពស់​ដដែល​នេះ​បែរជា​វារ​ឡើងគោក​ចូល​ដី​ឡូត៍​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មិនមែន​មាន​តែ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ទេ ដែល​ពួក​គាត់​បាន​ប្រទះ​ឃើញ គឺ​មាន​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ តែ​មិន​ដែល​មាន​អ្នក​ណា​ចាប់ ឬ​យក​ទៅ​ណា​ឡើយ ព្រោះ​ទីនោះ​អាច​ជាទី​ជម្រក​សត្វ​ពស់ថ្លាន់​អស់ទាំង​នោះ​ក៏​ថា​បាន ជួនកាល​ឃើញ​ក៏​ចាប់​បោះ​សត្វ​ពស់ថ្លាន់​ទៅ​កណ្តាល​ទឹក​ត្រពាំង​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)