រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន» ។ សន្និបាតបានធ្វើឡើង កាលពីថ្ងៃទី២១ ធ្នូនេះ នៅមជ្ឈមណ្ឌកោះពេជ្រក្រោមសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ។

សន្និបាតគណៈចលនាមហាជននៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន ក្នុងគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជនតាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក ខណ្ឌទូទាំងប្រទេស ។ សន្និបាតនេះ ប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។

សូមជម្រាបថា អ្នកចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក ខណ្ឌ ទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០ នាក់ ។ កម្មវិធីបើកមហាសន្និបាត (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណប្រចាំការនៃគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងពិធីបិទនៅថ្ងៃទី២២ ខែធ្នូនេះ និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់