ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលសមត្ថកិច្ចបង្ក្រាបបានពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន នឹងអាចត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ ឬព្រឹកថ្ងៃទី២៣ ធ្នូ នេះ។ នេះបើតាមការឱ្យដឹងពីមន្ត្រីការិយាល័យជំនាញ។

លោកសុខ និមល នាយការិយាល័យស្ដីទីប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះ រួមមាន ១-ឈ្មោះ បេន ប៊ុនសៀន ហៅ ឌៀន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ២-ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ៣-ឈ្មោះ មិន មឿន ភេទប្រុស អាយុ៣៦ឆ្នាំ និង៤-ឈ្មោះ ស៊ីម ក្រឹម ហៅវ៉ាន់ ភេទប្រុស អាយុ២៦ឆ្នាំ ។ ជន២នាក់នេះ នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។

លោកសុខ និមល បានបញ្ជាក់ថា ជនទាំង៤នាក់នេះត្រូវបានកម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការស្រុកសំពៅលូនបង្ក្រាបបានជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២០ ធ្នូ នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខណ:ដែលក្រុមសង្គមងងឹតនេះកំពុងប្រព្រឹត្តបទល្មើសនេះជាក់ស្ដែង។ ជាមួយនឹងការឃាត់ខ្លួនក្រុមនេះ មន្ត្រីជំនាញរឹបអូសបានវត្ថុតាងគ្រឿងញៀន និងមធ្យោបាយដែលពាក់ព័ន្ធមួយចំនួនផង។

យោងតាមរបាយការណ៍របស់អធិការស្រុកសំពៅលូន បានឱ្យដឹងថា វត្ថុតាងដែលដកហូតបានពីក្រុមជនសង្ស័យទាំង៤នាក់ខាងលើនេះរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន៤ថង់, ទូរស័ព្ទដៃចំនួន៦គ្រឿងចាស់ (ខូចចំនួន១គ្រឿង) ម៉ូតូចំនួន២គ្រឿង, រថយន្តម៉ាក toyota hillux vigo ចំនួន១គ្រឿង, កាំបិតវែងចំនួន៣ដើម, កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១ដើម និង ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

យោងតាមប្រភពដដែលបានបន្តថា ពាក់ព័ន្ធនឹងវត្ថុតាងខាងលើនេះ បើតាមចម្លើយរបស់ក្រុមជនសង្ស័យ ដែលមន្ត្រីជំនាញបានសាកសួរ ពួកគេបានសារភាពទទូលស្គាល់ថា គ្រឿងញៀនរួមទាំងវត្ថុតាងពាក់ព័ន្ធដទៃ ដែលសមត្ថកិច្ចបានដកហូត គឺពិតជារបស់ពួកខ្លួនមែន តែពួកគេហាក់មិនទម្លាយពីប្រភពគ្រឿងញៀនដែលក្រុមខ្លួននាំយកមកជួញដូរបន្តឱ្យក្បោះក្បាយទេ។ ប៉ុន្តែលោកសុខ និមល នាយការិយាល័យស្ដីទី បានបញ្ជាក់យ៉ាងដូច្នេះថា «បើតាមការស៊ើបអង្កេត និងការតាមដានពីសកម្មភាពក្រុមនេះកន្លងមកនេះ គឺក្រុមនេះជាមុខសញ្ញាជូញដូរក្នុងទ្រង់ទ្រាយធំដុំគួរសមដែរ នៅក្នុងស្រុកសំពៅលូន»។

លោកសុខ និមល បានបញ្ជាក់ថា ពេលនេះមន្ត្រីការិយាល័យជំនាញកំពុងសាកសួរក្រុមជូញដូរគ្រឿងញៀនទាំង៤នាក់នេះ ហើយត្រៀមបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅពេលឆាប់ៗនេះហើយ៕ (កែសម្រួលដោយ ៖ ធីតា)

