អាហារ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល

ជំងឺ​សរសៃឈាម​បេះដូង​កើន​ឡើងជា​លំដាប់​មក​ទល់​សព្វ​ថ្ងៃនេះ ហើយ​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​ជំងឺ​នេះ​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​ទប់ស្កាត់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដោយ​គ្រាន់តែ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​មួយ​ចំនួន​។ ថា​តើ​បន្លែ​ផ្លែ​ឈើ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​តែ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖

Loading...

១. ឈើអែម ៖ ការ​បន្ថែម​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ជួយ​រាង​កាយ​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ឈើអែម​ក៏​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​ផង​ដែរ​។

២. គី​ម​ឈី ៖ ការ​ទទួលទាន​គី​ម​ឈី​អាច​ជះ​ឥទ្ធិពល​លើ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ​គួរ​ឱ្យ​កត់សម្គាល់​។ អាហារ​កូរ៉េ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​គ្រឿងទេស​ហឹរ​ៗ រួម​បញ្ចូល​ទាំង​ខ្ទឹមស​ដែល​ជា​ប្រភព​នៃ​សារធាតុ allicin និង selenium ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។

៣. ត្រី​សាល​ម៉ុ​ន ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​និង​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរ​អោយ​កត់សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​នេះ​ក្នុង​របប​អាហារ​អោយ​បាន​យ៉ាង​ហោច​ណាស់​ម្ដង ឬ ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៤. ផ្លែ​បឺ​រ ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​ផ្លែ​ឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៥. មើមត្រាវ ៖ នោះ​ក៏​ព្រោះតែ​បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​របស់​មើមត្រាវ​។ ក្រៅពី​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ហើយ​នោះ ជាតិ​ស​សៃ​ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ព្រមទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​គួរ​ឱ្យ​កត់​ស​ម្កាល់​។

៦. ប្រេង​អូ​លីវ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ល្អ ពិសេស oleic acid ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក ក៏​ដូច​ជា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

៧. ប៉េងប៉ោះ ៖ មាន​ផ្ទុក​សារធាតុ lycopene ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

៨. គ្រាប់​ធញ្ញជាតិ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​គួរ​អោយ​កត់សម្គាល់​។ គ្រាប់​ធញ្ញជាតិ​ក៏​មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​ការ​រលាក និង​ធ្វើ​អោយ​មុខងារ​ស​សៃ​ឈាម​ក្នុង​រាង​កាយ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)