ប្រជាពលរដ្ឋ​ និង​អ្នក​ផលិត​អំបិល​ធម្មជាតិ​ក្នុងស្រុក​មិនសូវ​ពេញចិត្ត​នឹង​ការ​នាំ​ចូល​អំបិល​ពី​បរទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា

233

រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ផលិត​អំបិល​របស់​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មិន​អាច​ឱ្យ​កម្ពុជា​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​គ្រប់គ្រាន់​បាន តម្រូវ​ឱ្យ​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​កន្លង​មក​គឺ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​និង​ថ្មី​ៗ​នេះ​ក៏​បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ថែម​ទៀត​។​«​សម្រាប់​ខ្ញុំ គឺ​នៅ​តែ​និយម​ចូល​ចិត្ត​ប្រើ​អំបិល​កំពត តែ​ខ្ញុំ​មិនដឹង​ថា​មូលហេតុ​អ្វី​បានជា​ការ​ផលិត​អំបិល​នៅ​ខ្មែរ​ខ្វះខាត​រហូត​ត្រូវ​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​នោះ​ទេ ព្រោះ​ខ្ញុំ​មិនដឹង​ថា​អំបិល​នាំ​ចូល​នោះ​មាន​គុណភាព​កម្រិត​ណាស​នោះ​ទេ​» ។

Loading...

នេះ​ការ​លើក​ឡើង​របស់​អ្នក​នាង លី​ណា ស្ត្រី​មេផ្ទះ​មួយ​រូប​នៅ​ក្រុងភ្នំពេញ ។ អ្នក​នាង​បន្ត​ថា​ការ​កែសម្រួល​ណាមួយ​គួរតែ​ត្រូវធ្វើ ក្នុង​ការ​ជំរុញ​ការ​ផលិត​អំបិល​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ជា​ជាង​ការ​នាំ​ចូល ។ អ្នក​នាង​បន្ត​ថា «​សព្វ​ថ្ងៃនេះ លឺ​តែ​នាំ​ចូល​តាំងពី​បន្លែបង្ការ​គ្រប់​បែប​យ៉ាង ឥឡូវនេះ​សូ​ម្បី​តែ​អំបិល​ក៏​នាំ​ចូល​ដែរ ដូច្នេះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ចង់​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​បង្កើន​លទ្ធភាព​ផលិត​អំបិល​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ល្អ​ជាង​នាំ​ចូល​» ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​កន្លង​ទៅ​នេះ​កម្ពុជា​បាន​នាំ​ចូល​អំបិល​ពី​ឥណ្ឌា​ប្រមាណ ៥.០០០​តោន ហើយ​ការ​សម្រេច​នាំ​ចូល​ពី​ក្រៅ​ពេល​នេះ​ដើម្បី​បន្ត​ដង្ហើម​តម្រូវការ​ទីផ្សារ ឬ​ជា​ការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ខណៈ​ពេល​ដែល​អំបិល​នៅ​ក្នុង​ស្តុក​ព្យា​ការណ៍​ថា​នឹង​អស់​នៅ​ត្រឹម​ខែធ្នូ​ខាង​មុខ​នេះ​។

ប្រធាន​សហគមន៍​ផលិត​អំបិល​កំពត​និង​កែប​លោក ប៊ុ​ន បារាំង មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា​ថា អំបិល​នៅ​ខេត្តកំពត​នៅ​ឆ្នាំ​នេះ យើង​ផលិត​បាន​តែ​៣​ម៉ឺន​តោន​ដោយសារ​តែ​ជួបនឹង​គ្រោះ​ធម្មជាតិ​ញឹកញាប់​ខ្លាំង​ពេក​។​អីចឹង​នៅ​ត្រឹម​ខែធ្នូ​ខាង​មុខ​នេះ​អំបិល​ដែល​បាន​ផលិត​បាន​និង​អស់ពី​ស្តុក​។ លោក​បាន​បញ្ជាក់​ថា «​ពេល​នេះ​យើង​កំពុង​នាំ​ចូល​អំបិល​ពី​ឥណ្ឌា​ប្រមាណ​៥​ពាន់​តោន​មក​ដល់​កម្ពុជា​ហើយ​។​អីចឹង​យើង​នាំ​ចូល​មក​ទាន់ដង្ហើម​របស់​យើង ខណៈ​ពេល​ដែល​អំបិល​ផលិត​ក្នុងស្រុក​ជិត​អស់​ការ​នាំ​ចូល​អំបិល​មក​ពី​ឥណ្ឌា​បាន​មក​ដល់​ដើម្បី​ជួយ​បំពេញបន្ថែម​តម្រូវការ​ក្នុងស្រុក​»​។

លោក​បាន​លើក​ឡើង​ថា «​សព្វ​ថ្ងៃនេះ​ហេតុ​ដែល​ខ្ញុំ​អត់​នាំ​ចូល​ពី​ចិន ជំនួស​នាំ​ចូល​អំបិល​ពី​ឥណ្ឌា គឺ​ដោយសារ​ឆ្នាំ​មុន​យើង​នាំ​ចូល​ពី​ចិន​វា​មាន​តម្លៃ​ខ្ពស់ វា​ធ្វើ​ឱ្យ​យើង​ខាត​។​តែ​នៅ​ឆ្នាំ​នេះ​ដោយសារ​ចិន​វា​ធ្វើ​អត់​បាន ព្រោះ​តំបន់​ដែល​ផលិត​អំបិល​វា​លិច​ទឹក​។​ដូចនេះ​បានជា​ខ្ញុំ​ធ្វើការ​សហការ​នឹង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ហើយ​ថ្នាក់ដឹកនាំ​ក្រសួង​ឱ្យ​ខ្ញុំ​ទៅ​សិក្សា​អំបិល​ប្រទេស​ណា​ដែល​ផលិត​ពី​ទឹកសមុទ្រ​ដូច​ទៅ​និង​អំបិល​ផលិត​នៅ​ខេត្តកំពត​យើង​។​ក្រោយ​សិក្សា​មក​យើង​ឃើញ​ប្រទេស​សិរី​លង្កា​និង​ប្រទេស​ឥណ្ឌា​នេះ​»​។

បើ​តាម​ប្រធាន​សហគមន៍ តម្លៃ​អំបិល​ឥណ្ឌា​ក្នុង​មួយ​តោន​ថ្លៃ​៧៤​ដុល្លារ​អា​មេ​រិ​ក​បូក​និង​ការ​ចំណាយ​ផ្សេង​ៗ​ថ្លៃដើម​អំបិល​មួយ​តោន​ចំណាយ​៩៤​ដុល្លារ​អា​មេ​រិ​ក ហើយ​តម្លៃ​លក់​ចេញ​ទៅ​វិញ​ក្នុង​មួយ​មិន​ឱ្យ​លើស​ពី​១០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ បើ​ធៀប​និង​ការ​នាំ​ចូល​អំបិល​មក​ពី​ចិន​នា​ពេល​កន្លង​មក​មួយ​តោន​ថ្លៃ ៩០​ដុល្លារ​អា​មេ​រិ​ក បូក​នឹង​ចំណាយ​ផ្សេង​នៅ​ក្នុងស្រុក​មួយ​តោន​ចំណាយ​ថ្លៃដើម​អស់​១៣៥​ដុល្លារ​អា​មេ​រិ​ក​។ លោក​បាន​បញ្ជាក់​ថា​« អំបិល​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​នេះ​សាច់​ស​ស្អាត​មានគុណ​ភាពល្អ​កម្រិតស្តង់ដា​អន្តរជាតិ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ការ​នាំ​ចូល​អំបិល​នេះ​វា មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគ្រាស​ផលិត​អំបិល​ក្នុងស្រុក​នោះ​ទេ​។ កាលណា​ខេត្តកំពត​ផលិត​អំបិល​បាន​យើង​នឹង​ផ្អាក​ការ​នាំ​ចូល​សិន ទាល់តែ​អំបិល​កំពត​អស់​ទើប​នាំ​ចូល​បន្ថែម​ទៀត​។ តែបើ​ទុក​ឱ្យ​អំបិល​កំពត​អស់ហើយ​យើង​មិន​ធ្វើការ​នាំ​ចូល​នោះ​ប្រជាជន​បាន​អ្វី​និង​ហូប​»​។

កញ្ញា ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ កំពត​បានឱ្យ​ដឹង​ថា​ទីផ្សារ​អំបិល​នៅ​ក្នុងស្រុក​បច្ចុប្បន្ន​អត់​មាន​ជា​បញ្ហា​នោះ​ទេ​។ ឥឡូវនេះ​យើង​ឃើញ​ប្រជាជន​ក្នុងស្រុក​ពួក​គាត់​មានការ​គាំំ​ទ្រ​ផលិត​ក្នុងស្រុក​ច្រើន ពិសេស​អំបិល​ផលិត​នៅ​ខេត្តកំពត​។​បើ​តាម​កញ្ញា​ថូ​ង​ធីតា ក្នុង​នាម​ជា​អ្នក​ផលិត​អំបិល​ធម្មជាតិ​ក្នុងស្រុក​ពេល​លឺ​ការ​នាំ​ចូល​អំបិល​មក​ពី​ខាងក្រៅ​ប្រទេស​បែប​នេះ​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​នោះ​ទេវា​ធ្វើ​ឱ្យ​មានការ​ប្រកួត​ប្រែង​ជាដើម​។ កញ្ញា​បាន​បន្ត​ថា «​បើ​ការ​នាំ​ចូល​មក​លើសលុប​ពេក​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​និង​ម្យ៉ាងទៀត​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាជន​ផង ហើយ​នៅ​ពេល​កន្លង​មក​មាន​គេ​តែង​សួរ​មក​ខ្ញុំ​ថា​ហេតុ​អ្វី​បាន​ប្រទេស​របស់​យើង​មាន​សមុទ្រ​ដែរ ហេតុ​អី​បានជា​នៅ​មានការ​នាំ​ចូល​អំបិល​មក​ពី​ក្រៅ? ​។ នៅ​ពេល​នេះ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​លើកទឹកចិត្ត​ឱ្យ​អ្នក​ផលិត​ត្រូវ​បាន​ផលិត​ឱ្យ​បាន​ច្រើន ធ្វើ​យ៉ាងណា​កុំឱ្យ​មានការ​នាំ​ចូល​មក​ច្រើន​»​។

តាម​ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ ក្នុង​មួយ​ឆ្នាំ​សហគ្រាស​ក​ញ្ញ​អាច​ផលិត​អំបិល​បាន​ប្រមាណ​១​ម៉ឺន​តោន ហើយ​តម្លៃ​អំបិល​ផលិត​បែប​ធម្មជាតិ​នេះ​វា​មាន​តម្លៃលើស​តម្លៃ​អំបិល​ធម្មតា​៤​ទៅ​៥​ដង​ក្នុង​មួយ​តោន និង​នៅ​ពេល​កន្លង​មក​ផលិតផល​មួយ​នេះ បាន​ធ្វើតេស្ត​សម្រាប់​ការ​នាំ​ចេញ​មាន​ទៅ​ប្រទេស​ជប៉ុន​,​ស្វី​ស​,​កា​ណា​ដា និង​ត្រៀម​ចរចា​ជាមួយ​ប្រទេស​បារាំង​៕ កែសម្រួលដោយ ៖ សុឃាក់