អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​សាឡាដ​ពណ៌​​ស្វាយ​ដែល​គួរតែ​ទទួលទាន

1147

ទោះបីជា​ស្គាល់ និង​ធ្លាប់​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ពី​អត្ថ​ប្រយោជន៍​ដ៏​ប្រសើរ​នៃ​សាឡាដ​ពណ៌​ស្វាយ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​បន្លែ​នេះ​អាច​ផ្ដល់​ផល​ល្អ​ៗ​អ្វីខ្លះ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

Loading...

១. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក ៖ នោះ​ក៏​ព្រោះតែ​សាឡាដ​ពណ៌​ស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​។ ដូច្នេះ​ការ​ទទួលទាន​សាឡាដ​នេះ​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​។

២. បង្កើន​សុខភាព​ភ្នែក ៖ ការ​ទទួលទាន​សាឡាដ​ពណ៌​ស្វាយ​ជា​ប្រចាំ​អាច​ជួយ​ឱ្យ​សុខភាព​ភ្នែក​កាន់តែ​ប្រសើរ​មើលឃើញ​ច្បាស់​ជាង​មុន ព្រមទាំង​ទប់ស្កាត់​ជំងឺ​ភ្នែក​ផ្សេង​ៗ​ដូច​ជា​ភ្នែក​ឡើង​បាយ​​ជាដើម​។ នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A​។

៣. សម្រួល​ចលនា​ពោះវៀន ៖ សាឡាដ​ពណ៌​ស្វាយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរ​សៃ​ដែល​ចាំបាច់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ពិសេស​ទប់ស្កាត់​បញ្ហា​ទល់លាមក​។ ការ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​ខ្ពស់​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផង​ដែរ​។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ សាឡាដ​ពណ៌​ស្វាយ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ផង​ដែរ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​បន្លែ​នេះ​ទៀងទាត់​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​។

៥. កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការ​ភាព​ពី​កំណើត ៖ ស្ត្រី​មាន​ផ្ទៃពោះ ជា​ពិសេស​កំឡុង​ពេល​ត្រីមាស​ដំបូង​គួរ​ព្យាយាម​ទទួលទាន​សាឡាដ​ពណ៌​ស្វាយ​ឱ្យ​បាន​ទៀងទាត់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការ​ភាព​ពី​កំណើត ក៏​ដូច​ជា​បញ្ហា​រលូត​កូន​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Folate (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)