រាជធានីភ្នំពេញ ៖ លោក ដុន ហូសុកប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោកនៅក្នុងឱកាសបិទការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២២ ធ្នូ បានមានប្រសាសន៍ថា កីឡាតុងហ្គីលម៉ូដូនឹងក្លាយជាផ្នែកមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នាពេលឆាប់ៗខាងមុខនេះ។
លោក ដុន ហូសុខ បន្តថា បច្ចុប្បន្នកីឡាតុងហ្គីលម៉ូដូមានរហូតដល់ទៅ៧៤ប្រទេសនៅលើពិភពលោក ក្នុងនោះមានប្រទេសមួយចំនួនរដ្ឋាភិបាលរបស់គេក៏បានគាំទ្រ ព្រមទាំងជួយឧបត្ថម្ភទៀតផង ។ ចំណែកនៅក្នុងប្រទេសកម្ពុជា វិញលោកមានការជឿជាក់ថានឹងមានការចូលរួមច្រើនពីសំណាក់យុវជន ។

លោកថា នៅក្នុងឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដូច្នេះលោកសង្ឃឹមថា កីឡាតុងហ្គីលម៉ូដូនឹងក្លាយជាផ្នែកមួយនៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះ បើសិនជាមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដូចជាសា្ថប័នសារព័ត៌មានជួយផ្សព្វផ្សាយជាដើម។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅក្នុងឱកាសនោះថា កីឡាតុងហ្គីល ម៉ូដូបានជ្រៀតចូលមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលរហូតមកទល់ពេលនេះមានការរីកចម្រើនយ៉ាងខ្លាំង ។ សមិទ្ធផលទាំងនេះកើតឡើងដោយមានការចូលរួមខិតខំពីថ្នាក់ដឹកនាំសហព័ន្ធក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់គ្នារហូតឈានទៅដណ្ដើមជ័យជម្នះនៅលើឆាកអន្តរជាតិទៀតផង ។
ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល រហូតមានឱកាសធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី១នៅឆ្នាំ២០២៣ខាងមុខ ។ លោកក៏បានថ្លែងនូវការកោតសរសើរដល់ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក ដែលបានជួយធ្វើឱ្យវិស័យកីឡាតុងហ្គីលម៉ូដូនៅកម្ពុជាមានការរីកចម្រើនរហូតមកទល់សព្វថ្ងៃនេះ។
គួររំលឹកថា ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់២២ធ្នូ ដោយមាន៩ក្លិបចូលរួមនិងមានកីឡាករ-កីឡាការិនីសរុប៧២នាក់ ។ ចំណែកថវិការៀបចំការប្រកួតទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ៕ (កែសម្រួលដោយ ៖ បុប្ផា)