វ៉ា​ន់ នី​ឡា ត្រៀម​វិល​វិញ​ជាមួយនឹង​បរិ​បទ​​ថ្មី​នៃ​បទ​ចម្រៀង

373

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា នឹង​មក​កាន់​វិស័យ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ជាមួយនឹង​បរិបទ​ថ្មី​នៃ​បទ​ចម្រៀង​ដែល​មាន​ភាព​ទាក់ទាញ​។ តារា​រូប​នេះ​នឹង​បង្ហាញ​ស្ទា​យ​ថ្មី​ទាំង​ការ​ច្រៀង និង​សម្តែង​ប្លែក​ខុស​ពី​បទ​ចម្រៀង​ដែល​នាង​បាន​ច្រៀង​កាលពី​៣​ទៅ​៤​ឆ្នាំ​។

Loading...

លោក សុខ ជំនោរ ដែល​ជា​បងប្រុស​របស់ វ៉ា​ន់ នី​ឡា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ប្អូនស្រី​របស់​លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ចេញ​បទ​ច​ម្រៀ​ថ្មី​ប្លែក​ខុស​ពី​មុន​។ លោក​បញ្ជាក់​ថា គាត់​កំពុង​ពង្រឹង​ជំនួញ ខ្ញុំ​កំពុង​រៀប​ផែនការ​ផលិត​ចម្រៀង​ឱ្យ​គាត់ អាច​ឆាប់​ៗ​នេះ នឹង​ចេញ​បទ​ចម្រៀង ខណៈ​ពេល​ទើប​ថត MV គាត់​៣​ថ្ងៃមុន​ចប់​២​បទ​។

លោក​បន្ថែម​ថា វ៉ា​ន់ នី​ឡា នឹង​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​របស់​គាត់​ផ្ទាល់​។ ដោយសារ​ខ្ញុំ​មិន​ឲ្យ​គាត់​ចូល​ផលិតកម្ម​ដទៃ ទើប​យើង​ត្រូវការ​ពេលវេលា​ពង្រឹង​។

បើ​តាម​លោក សុខ ជំនោរ ប្រាប់​ថា ការ​ច្រៀង​លើក​នេះ ខុស​ពី​លើក​មុន ព្រោះ​បរិបទ​ចម្រៀង​លែង​ដូច​៤-៥​ឆ្នាំ​មុន​ហើយ​។ ទោះជា​យ៉ាងណា លោក សុខ ជំនោរ សុំ​លាក់​ឈ្មោះ​បទ​ចម្រៀន​របស់​វ៉ា​ន់ នី​ឡា សិន ដោយ​ត្រូវ​រង់ចាំ​បទ​ចម្រៀង​របស់​នាង​ចេញ​ជា​ផ្លូវការ ប៉ុន្តែ​ប្អូនស្រី​របស់​លោក​នឹង​មិន​ចូល​ផលិតកម្ម​ចាស់​នោះ​ឡើយ ដោយសារ​ទី​១ គាត់​ចប់​កុងត្រា ទី​២ គាត់​ចង់​ឯករាជ្យ និង​ទី​៣ ខ្ញុំ​មាន​លទ្ធភាព​ផលិត​សម្រាប់​គាត់​បាន​។

ដោយឡែក​លោក សុខ ជំនោរ ក៏​បាន​ធ្វើការ​បដិសេធ​ផង​ដែរ​ជុំវិញ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា វ៉ា​ន់ នី​ឡា សម្ងំ​សម្រាល​បានកូន​ម្នាក់ ខណៈ​ពេល​ដែល​លោក​បាន​ចាត់​ទុក​ការ​ផ្សាយ​នោះ គ្រាន់តែ​ជា​ការ​ទាក់ទាញ​ឱ្យ​មហាជន​ចូល​អាន​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់ អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម ភ្លេង​រី​ខ​ត វ៉ា​ន់ នី​ឡា បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​ចម្រៀង​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់​ទទួល​រង​នូវ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​រូប​អាក្រាត​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​។ តារា​រូប​នេះ​បាន​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​មិន​បាន​ចេញ​មុខ​ចេញ​មាត់​ទូលំទូលាយ​នោះ​ឡើយ ដោយសារ​តែ​នាង​ហាក់​មានការ​អាម៉ាស់​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នេះ​។

យ៉ាងណា បន្ទាប់​ពី​រឿងរ៉ាវ​ប្តឹងផ្តល់​គ្នា​តាម​ផ្លូវ​តុលាការ​ជាមួយ​អតីត​គូស្នេហ៍​ដែល​នាង​បាន​ចោទប្រកាន់​ថា បាន​បញ្ចេញ​រូបភាព​អាក្រាត​របស់​នាង បាន​កាត់ក្តី​ចប់​សព្វគ្រប់​នោះ វ៉ា​ន់ នី​ឡា បាន​ចាប់ផ្តើម​ចេញ​មុខជា​សាធារណៈ​បណ្តើរ​ៗ​ឡើង​វិញ​។ បើ​ទោះបីជា​នាង​នៅ​តែរ​អាល​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​នាង​តែងតែ​បង្ហាញ​រូបភាព​ពី​ការ​ដើរ​លេង​កំសាន្ត និង​ច្រៀង​លេង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​របស់​នាង​ជា​បន្តបន្ទាប់​ផង​ដែរ​។

ទោះជា​យ៉ាងណា ការ​វិល​មក​កាន់​អាជីព​ចម្រៀង​ជា​ថ្មី​ឡើង​វិញ​ពី​សំណាក់ វ៉ា​ន់ នី​ឡា នា​ពេល​អាច​នឹង​ធ្វើ​ឱ្យ​នាង​ចាប់​ឈោង​ភាព​ល្បីល្បាញ​ដូច​មុន​ឬ​យ៉ាងណា​នោះ​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ខកខាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)