រាជធានីភ្នំពេញ ៖ អាជីវកម្មអនឡាញនាពេលបច្ចុប្បន្ននេះបាននឹងកំពុងជួយអោយអ្នកប្រកបអាជីវកម្មនេះ ក្លាយជាអ្នកមានបានក្នុងពេលដ៏ខ្លី ដោយគេបានផ្សព្វផ្សាយនិងប្រកាសលក់ទំនិញរបស់គេតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេង ជាពិសេសនោះគឺផលិតផលគ្រឿងសំអាងតែម្តង ដោយមានអ្នកលក់ខ្លះមានការបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនទៅអតិថិជនដើម្បីអោយគេចាប់អារម្មណ៍ចូលមើលការឡាយ៍លក់និងទិញនូវទំនិញរបស់ខ្លួន ។

ទន្ទឹមនឹងនេះដែរ ដោយសារតែអាជីវកម្មមួយនេះ មិនទាន់មានច្បាប់គ្រប់គ្រងជាផ្លូវការ ធ្វើអោយអ្នកប្រកបរបរនេះមួយចំនួនយកទំនិញមិនសុទ្ធ ឬការលក់នូវគ្រឿងសម្អាងបកស្បែកដោយពុំមានច្បាប់ត្រឹមត្រូវ ឬទំនិញក្លែងក្លាយមកប្រកាសលក់ដើម្បីបានប្រាក់ចំណេញខ្ពស់ ដែលជាហេតុបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ។

បើតាមអ្នកស្រី សាន សុខខេង អ្នកនាំចូលនិងចែកចាយគ្រឿងសំអាងមកពីប្រទេសថៃ បានអោយដឹងថាការលក់និងចែកចាយផលិតផលគ្រឿងសំអាង នៅក្នុងប្រទេសកម្ពុជា អ្នកស្រី មើលឃើញថាការលក់តាមអនឡាញមានកំណើនយ៉ាងគគ្រឹកគគ្រេងជាងការលក់ដោយផ្ទាល់ ព្រោះ អតិថិជនអ្នកប្រើប្រាស់ភាគច្រើនទិញតាមរយៈការ Live តាមបណ្ដាញសង្គមរបស់ភ្នាក់ងារលក់របស់ខ្លួន ហើយសម្រាប់ការមកទិញដោយផ្ទាល់ៗក៏មានដែរ ក៏ប៉ុន្តែមិនច្រើនដូចការលក់តាមបណ្ដាញសង្គមអនឡាញនោះឡើយ ។ អ្នកស្រីបានបន្តថា ក្នុងនាមជាអ្នកលក់និងអ្នករកស៊ីតាមអនឡាញ អ្នកស្រីក៏បារម្ភ ចំពោះការលក់ផលិតផលមិនសុទ្ធ ផលិតផលក្លែងក្លាយទៅអតិថិជនដែរ ពីព្រោះដោយសារតែអាជីវកម្មអនឡាញនេះមិនទាន់មានច្បាប់គ្រប់គ្រងត្រឹមត្រូវ ដូច្នេះអ្នកលក់ណាដែលខូចៗគេអាចយកលុយហើយមិនផ្ដល់ទំនិញអោយ ឬអោយទំនិញមិនសុទ្ធដូចអ្វីដែលបានប្រកាសក្នុងការ Live របស់គេជាដើម ។

អ្នកស្រី សាន សុខខេង បាននិយាយថា « អតិថិជនយើងភាគច្រើនជាយុវវ័យ ដូច្នេះពួកគាត់បានយល់ដឹង និងអាចប្រើប្រាស់ស្មាតហ្វូន និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានយ៉ាងស្ទាត់ អញ្ចឹងហើយនៅពេលដែលយើងផ្សព្វផ្សាយលក់ ឬ Live លក់ទំនិញតាមបណ្ដាញសង្គម អតិថិជនក៏បានឃើញហើយបញ្ជារទិញផលិតផលរបស់យើងតាមការLive របស់បុគ្គលិក ក៏ដូចជាដៃគូជំនួញរបស់យើង » ។
អ្នកស្រីក៏បានបង្ហាញពីការព្រួយបារម្ភចំពោះជនដែលរកស៊ីមិនស្មោះត្រង់ ចង់ចំណេញលឿនបន្លំផលិតផល លក់របស់ដែលមិនសុទ្ធ មិនល្អ ទៅតាមស្តង់ដារជាដើម ដែលធ្វើអោយប៉ះពាល់ដល់អាជីវកម្មនេះទាំងមូលផងដែរ ។ អ្នកស្រីចង់អោយក្រសួងចេញច្បាប់អោយឆាប់ៗ ដើម្បីជួយការពារអ្នករកស៊ីក្នុងអាជីវកម្មអនឡាញនេះ ហើយក៏អាចអោយរដ្ឋាភិបាលទទួលបានចំណូលបន្ថែមតាមរយៈការបង់ពន្ធផងដែរ ។
បើតាមការសង្កេតក្នុងបណ្ដាញសង្គមដែលកើតឡើងនាពេលកន្លងមកនេះ ការរកស៊ីលើអនឡាញ មានអ្នកខ្លះទទួលបានជោគជ័យ តែអ្នកខ្លះទៀតក៏មិនសូវបានជោគជ័យប៉ុន្មានដែរ ក្នុងនោះគេឃើញថាតារាល្បីៗបានចាប់យកអាជីវកម្មអនឡាញសម្រាប់លក់ផលិតផលគ្រឿងសំអាង ភាគច្រើនផ្ដោតទៅលើឡេលាបស្បែក ម្សៅលាបមុខ ជាដើម ដោយមានអ្នកលក់មួយចំនួនដែលអះអាងអំពីការលក់នូវឡេលាបឲ្យស្បែកខ្លួន ឬស្បែកមុខ.ស ក្នុងរយៈពេលខ្លី ហ៊ានព្រលែងខ្លួនស្ទើតែទាំងស្រុងដើម្បីបង្ហាញអំពីតិចនិចលាបឡេអោយឆាប់.ស ធ្វើយ៉ាងណាអោយអតិថិជនរបស់ខ្លួនជឿជាក់ ។
យ៉ាងណាមិញនៅរសៀលថ្ងៃទី ២០ ខែធ្នូកន្លងទៅនេះមិនអាចទាក់ទងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរសព្ទចូលហើយ ជំនួយការលោកស្រី ជាអ្នកទទួលថាលោកស្រី កំពុងជាប់រវល់ប្រជុំ ។ យ៉ាងណាក៏ដោយយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ក្រសួងនឹងចាត់វិធានចំពោះក្រុមរកស៊ីអនឡាញ លក់ផលិតផលគ្រឿងសំអាងដែលមិនមានប្រភពច្បាស់លាស់ មិនមានចុះប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតអោយផ្សព្វផ្សាយជាដើម ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែធ្នូ ក្រសួងបានចេញសេចក្តីជូនដំណឹងអោយម្ចាស់គណនីហ្វេសប៊ុកមួយបញ្ឈប់ការនាំចូលផលិតផលគ្មានប្រភព គ្មានការត្រួតពិនិត្យ ហើយអោយប្រមូលផលិតផលទាំងនោះមកកំទេចចោល ។
សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីការពារដល់អ្នកប្រើប្រាស់ ដែលអាចរងផលប៉ះពាល់ដល់សុខភាពនិងឈានដល់ប៉ះពាល់ជីវិតផងដែរ ។ ក្រសួងក៏បានបញ្ជាក់ប្រាប់សាធារណជនអោយទាក់ទងទៅក្រសួងផ្ទាល់ក្នុងករណីមានការសង្ស័យថាមានការផ្សព្វផ្សាយ និងចរាចរណ៍ផលិតមិនប្រក្រតីនៅក្នុងប្រទេសកម្ពុជា ដើម្បីក្រសួងចាត់ការបានទាន់ពេលវេលា ៕ កែសម្រួលដោយ ៖សុឃាក់