កសិករ​គំរូ​ជាង​១២០​នាក់​ទស្សនកិច្ច​សិក្សា​​ពី​បច្ចេកទេស​កសិកម្ម​ថ្មី

713

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កសិករ​គំរូ​ប្រមាណ​ជាង​១២០​នាក់ ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ដកស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កសិករ និង​កសិករ​គំរូ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​ទឹក​ជ្រាប់ ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូណ៌ ។

Loading...

លោក ឯ​ល យឿ​ន ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ដឹកនាំ​កសិករ​គំរូ ឬ​គ្រូ​កសិករ ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ព្រឹក​នេះ​គឺ​ក្នុង​គោលបំណង​ដកស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កសិករ​គ្រូ​និង​កសិករ​គ្រូ ដែល​មក​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ។ ចំពោះ​កសិករ​គ្រូ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ព្រឹក​មិ​ញ​នេះ​មាន​ប្រមាណ​ជាង​១២០​នាក់ ដែល​មក​ពី​ឃុំ​ចំនួន​៣​ក្នុងស្រុក​បរិបូរ​ណ៌ គឺ​ឃុំ​អញ្ចាញ​រូង ឃុំ​ចក និង​ឃុំ​ពេជ្រ​ចង្វា​។

លោក​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​បាន​បញ្ជាក់​ថា កម្មវិធី​នេះ​គឺជា​កម្មវិធី​ដែល​គាំទ្រ​ដោយ​អង្គការ អា​ស្បា​ញ ឬ​ហៅ​ថា កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ កម្មវិធី​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ មក​ដល់​ពេល​នេះ​អនុវត្ត​បាន​ជាង​៣​ឆ្នាំ​ហើយ បច្ចុប្បន្ន​យើង​ប្រមូល​កសិករ​គំរូ​ឬ​ហៅ​ថា​កសិករ​គ្រូ​បាន​ចំនួន​២១០​នាក់ ដែល​មក​ពី​បណ្ដា​ស្រុក​ចំនួន​៦ និង​ឃុំ​ចំនួន​៣៥ ។ ចំពោះ​កសិករ​គំរូ ឬ កសិករ​គ្រូ មិនមែន​ចេះ​តែ​ដាំ​បន្លែ​មួយ​មុខ​នោះ​ទេ គឺ​មានការ​ចិញ្ចឹមសត្វ​ការ​ធ្វើ​ជីវឧស្ម័ន ការ​ផលិត​ជីកំប៉ុស និង​ដាំ​បន្លែ​ជាដើម ។ ចំពោះ​បន្លែ​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ទាំងនោះ​គ្មាន​ប្រើ​សារធាតុ​គីមី​នោះ​ឡើយ ការ​ប្រើប្រាស់​ក្នុង​ការ​ដាំ​ដុះ​សុទ្ធតែ​ប្រើ​ជីធម្មជាតិ ដូច​ជា​ជី កំ​ប៉ុស្តិ៍ លាមក​គោក្របី ជ្រូក​និង​ខ្លះ ចេញពី​ឡ​ជីវឧស្ម័ន​តែ​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​ជីគីមី​នោះ​ទេ ។

ដោយឡែក លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​មាន​ប្រជា​កសិករ​ជា​ច្រើន​ដែល​គាំទ្រ​កម្មវិធី​អា​ស្បា​ញ មួយ​នេះ ព្រោះ​កម្មវិធី​នេះ​បាន​គាំទ្រ​ដោយ អង្គការ អា​ស្បា​ញ ដែល​បាន​ជួយ​ទាំង​ផ្នែក​បច្ចេកទេស ពូជ​បន្លែ និង សត្វ​ជាដើម ហើយ​កម្មវិធី​នេះ បាន​ធ្វើ​សន្និបាត​របស់​ខ្លួន​ជា​រាង​រាល់​ឆ្នាំ​ដើម្បី​យក​ផលិតផល​របស់​សហគមន៍​ទាំងនោះ​មក​ដាក់​តាំង​លក់ ជាមួយ​គ្នា​នៅ​តាម​ស្រុក​ក្រុង ដើម្បី​ចែក​ជូន​បងប្អូន​កសិករ ទូទៅ​ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម ។ ចំពោះ​បន្លែ​របស់​ពួក​គាត់​ត្រូវ​បាន​សហគមន៍​យក​ទៅ​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​សហគមន៍ កសិកម្ម​ទួល​ក្រឡាញ់ ជា​រៀង​រាល់​៣​ថ្ងៃ​ក្នុង​១ ស​ប្តា​ហ៍ គឺ​ថ្ងៃ​សុក្រ សៅរ៍​និង​អាទិត្យ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)