ចុង​ក្រោយ​នៃ​ជីវិត​លោកតា​គ្មាន​អ្វី​ចង់​បាន​ទេ គ្រាន់តែ​ចង់​ហូប​ឆ្ងាញ់​ម្តងម្កាល​ប៉ុណ្ណោះ

1734

ខេត្តកំពង់ស្ពឺ ៖ ពេល​ឈឺ​ម្ដង​ៗ​ទៅ​ពេទ្យ ទាល់តែ​មាន​លុយ​ឲ្យ​គេ​មុន ទើប​គេ​ចាក់​ថ្នាំ​ឲ្យ នេះ​គឺជា​សំដី​របស់​លោកតា​វ័យ​ចំណាស់​មួយ​រូប ដែល​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន ខណៈ​ពេល​ដែល​ជួប​រូប​គាត់​ដោយ​ចៃដន្យ អំឡុង​ពេល​លោកតា​ដើរ​រើស​អេ​ត​ចាយ ដើម្បី​យក​ប្រាក់​ទិញ​ម្ហូបអាហារ​សម្រាប់​ទ្រទ្រង់​សុខភាព​របស់​គាត់​។

Loading...

លោកតា​ខាងលើ​ឈ្មោះ កែវ ភឹ​ម អាយុ​69​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ថា លោកតា​រស់នៅ​ម្នាក់ឯង​អស់​រយៈពេល​10​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​យាយ​របស់​គាត់​លាចាក​លោក​នេះ​ទៅ​ចោល​គាត់​មុន​បាត់​ទៅ ។ រូប​គាត់​មាន​កូនចៅ​នឹង​គេ​ដែរ ប៉ុន្តែ​កូនចៅ​បាន​បែក​ទីលំនៅ ក្រោយ​ពេល​ពួក​គេ​រៀប​ការ​អស់​ទៅ ហើយ​រាល់​ថ្ងៃនេះ លោកតា​រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​តូច​មួយ​នៅ​ភូមិ​ស្លែង ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត គឺ​ដើរ​រើស​អេ​ត​ចាយ​។

លោកតា​រៀបរាប់​ទៀត​ថា ការ​ចេញ​ទៅ​រើស​អេ​ត​ចាយ លោកតា​ត្រូវ​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ស្រាង​ៗ ដើរ​រើស​គ្រប់​ច្រកល្ហក ពេលបាយ​លោកតា​ក៏​ទៅ​សុំ​បាយ​លោក នៅ​វត្ត​ស្លាប​លែង ដើម្បី​ហូប​នៅ​ពេល​ថ្ងៃត្រង់ ។ ដោយពេល​ល្ងាច​ត្រឡប់​មក​ពី​រើស​អេ​ត​ចាយ​វិញ​រហូត​ដល់​ម៉ោង​7​ទៅ​8​យប់ ទើប​លោកតា​បាន​ហូប​បាយ ហើយ​ការ​រើស​អេ​ត​ចាយ​មិន​បាន​ច្រើន​នោះ​ទេ ពីរ​បី​ថ្ងៃ​គាត់​លក់​សំបក​ដប​ម្ដង​បាន​លុយ​3​ពាន់​រៀល ជីវភាព​របស់​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​គាត់​ឈឺ​ម្ដង​ៗ ។ លោកតា​បាន​រៀបរាប់​ទៀត​ថា ពេល​ទៅ​ពេទ្យ ទាល់តែ​មាន​លុយ​ហុច​ឲ្យ​គេ​មុន ទើប​គេ​ចាក់​ថ្នាំ​ឲ្យ​លោកតា បើ​គ្មាន​លុយ​ឱ្យ​គេ ពេទ្យ​មិន​ចាក់​ថ្នាំ​ឲ្យ​ឡើយ​។

បើ​និយាយ​ដល់​ត្រឹមនេះ លោកតា​ពោល​បន្ត​ថា លោកតា​ពិតជា​មានការ​តូចចិត្ត​នឹង​ខ្លួនឯង​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​កូនចៅ​នឹង​គេ​ដែរ តែ​កូនចៅ​មិនសូវ​យកចិត្តទុកដាក់​ទំនុកបំរុង​លោកតា​ដូច​គ្រួសារ​ឪពុក​ម្ដាយ​គេ​ផ្សេង​នោះ​ទេ ក៏​ប៉ុន្តែ​គាត់​មិន​បន្ទោស​កូន​ទេ ធ្វើ​ម៉េច​បើ​កូន​មានគូស្រករ មានកូន​បន្ត ត្រូវ​មើលថែ​រកស៊ី​ចិញ្ចឹម​កូន​ដែរ​នោះ​។

ជា​ចុង​ក្រោយ​លោកតា​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​សប្បុរសជន សូម​មេត្តា​ជួយ​ផ្ដល់​គ្រឿង​ឧបភោគ បរិភោគ​ដល់​លោកតា​ផង ព្រោះ​លោកតា​គ្មាន​លទ្ធភាព​រក​លុយ​ទៅ​ទិញ​របស់​ឆ្ងាញ់​មក​ហូប​ទេ​។ បើ​រំពឹង​លើ​ការ​រើស​អេ​ត​ចាយ​លក់ គឺ​បាន​ត្រឹមតែ​ពីរ​បី​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។ ហើយ​រាល់​ថ្ងៃនេះ​លោកតា​ពិតជា​ចង់​ហូប​ឆ្ងាញ់​ខ្លាំង​ណាស់ តែ​គ្មាន​លទ្ធភាព មាន​ពេល​ខ្លះ​ពេល​ដើរ​រើស​អេ​ត​ចាយ គាត់​ឃើញ​ចាស់​ៗ​អាយុ​ស្របាល​គ្នា​អង្គុយ​ផឹក​កាហ្វេ ហូប​គុយទាវ គាត់​ពិតជា​ឃ្លាន​ណាស់ ក៏​ប៉ុន្តែ​ធ្វើ​ម្ដេច​បើ​ក្នុង​ហោប៉ៅ​គ្មាន​លុយ​មួយ​រយ​ផង​។

ចុង​ក្រោយ​នៃ​ជីវិត​លោកតា​គ្មាន​អ្វី​ចង់បាន​អ្វី​នោះ​ទេ គ្រាន់តែ​ចង់​ហូប​ឆ្ងាញ់​បាន​ម្តងម្កាល​ប៉ុណ្ណោះ ។ ហើយ​៦​ដោយ​ក្តី​អាណិតអាសូរ អ្នក​យក​ព័ត៌មាន​យើង​បាន​ជូន​ថវិកា​លោកតា​ចំនួន​4​ម៉ឺន​រៀល គ្រាន់​ទុក​ដោះស្រាយ​នៅ​ពេល​លោកតា​ចង់​ទិញ​អ្វី​ហូប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)