រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទីបំផុតលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ បានសម្រេចចេញដីកាឃុំខ្លួនថៅកែស្ថានីយ៍ប្រេងឥន្ទនៈ PTT ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ.ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
បទល្មើសខាងលើនេះ យោងតាមបញ្ញាតិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងមានពិន័យជាប្រាក់ថែមទៀតផង។ ហើយ ថៅកែស្ថានីយ៍ប្រេងឥន្ទនៈ PTT ខាងលើនេះ ឈ្មោះ សារុន វីថូរ៉ាត់ ។

ក្នុងនោះមានបក្សជាកូនចៅថៅកែស្ថានីយប្រេងឥន្ទនៈ PTT មួយចំនួនទៀត ពាក់ព័ន្ធអំពើហិង្សាព្រួតគ្នាវាយគ្រូបង្រៀនម្នាក់ ដែលច្រឡំចូលបន្ទប់ទឹកស្ត្រី ដោយមានការចោទប្រកាន់ថា បានលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹកនោះផងដែរ ។
ដោយឡែក គ្រូបង្រៀន ឈ្មោះ អ៊ឹម សិរីរដ្ឋ ដែលរងនូវការចោទប្រកាន់នោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងអនុញ្ញាតិឲ្យទៅផ្ទះវិញ ក្រោយពេលបញ្ចប់ការសាកសួរ ។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងប្រាប់បណ្តាញអ្នកសារព័ត៌មាន ។ (កែសម្រួលដោយ ៖ បុប្ផា)