ក្រុម​ជិះ​កង់​រួម​មិត្ត​បាន​ឧ​ប​ត្ថ​ម​កង់​ដល់​សិស្ស​ក្រីក្រ​ផ្ទះ​ឆ្ងាយ​ពីសា​លា និង​សម្ភារ​សិក្សា

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស មាន​សេចក្តី​ត្រេកអរ នៅ​ពេល​បាន​ទទួល​អំណោយ​កង់ និង​សម្ភារ​សិក្សា ព្រមទាំង​ថវិកា​ពី​ក្រុម​ជិះ​កង់​រួម​មិត្ត ដែល​បាន​នាំ​យក​ទៅ​ចែក​ជូន ដល់​សាលា​បឋម​សិក្សា គី​រី​សុវណ្ណ​វង្ស ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀរ កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែធ្នូ ម្សិលមិញ​នេះ​។

Loading...

មាតាបិតា និង​សិស្សានុសិស្ស ក្រោយ​ពី​បាន​ទទួល​អំណោយ ជា​កង់​ចំនួន​២​គ្រឿង ផ្តល់​ជូន​សិស្ស​ក្រីក្រ ចំនួន​២​នាក់ មានផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា ប៉ុន្តែ​គ្មាន​លទ្ធភាព​ទិញ​កង់​ជិះ ក៏​ដូច​ជា​សិស្ស​ទូទៅ នៃ​សាលា​បឋម​សិក្សា គី​រី​សុវណ្ណ​វង្ស ដែល​បាន​ទទួល​សម្ភារ​សិក្សា និង​ថវិកា បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុម​ជិះ​កង់​រួម​មិត្ត ដឹកនាំ​ដោយ​លោក គិត ច័ន្ទ​រតនា ដែល​បាន​ជួយ​ឧ​ប​ត្ថ​ម គាំទ្រ​ដល់​សិស្ស និង​សាលា នៅ​ពេល​នេះ និង​សួ​ម​ជូនពរ​ដល់​ក្រុម​ជិះ​កង់​រួម​មិត្ត សូម​ទទួល​ជោគជ័យ និង​រកស៊ី​មានបាន​តរៀង​ទៅ​។

បើ​តាម​ការ​បញ្ជាក់​របស់ លោក គិត ច័ន្ទ​សីហា នាយក​សាលា​បឋម​សិក្សា គិរី​សុវណ្ណ​វង្ស បាន​មាន​ប្រសាសន៍​ថា​៖ ដោយសារ​សិស្ស​ក្នុង​សាលា ជួប​ការ​លំបាក ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​ឆ្ងាយ​ៗ ម្យ៉ាងវិញទៀត​មាតាបិតា​សិស្ស មាន​កង្វះខាត​ជីវភាព គ្មាន​លទ្ធភាព ទិញ​កង់​ឲ្យ​កូន​ជិះ​មក​រៀន ហេតុនេះ​ហើយ​ក្នុង​នាម​នាយក​សាលា បាន​ស្វះ​ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ ទាំងនោះ ក្នុង​គោលបំណង​ជួយ​សម្រួល ការ​ធ្វើ​ដំណើរ ទៅ​មក​សាលារៀន​ឲ្យ​ទាន់​ពេលវេលា​។

ជា​លទ្ធផល ថ្ងៃនេះ​ក្រុម​ជិះ​កង់​រួម​មិត្ត ដែល​ដឹកនាំ​ដោយ លោក គិត ចាន់​រតនា ជា​អាជីវករ​លក់​ម៉ូតូ និង​ជា​តំណាង​ឲ្យ​ក្រុម​ជិះ​កង់​រួម​មិត្ត បាន​នាំ​យក​អំណោយ​មាន​កង់​ចំនួន ២​គ្រឿង សម្ភារ​សិក្សា និង​ថវិកា មក​ឧបត្ថម្ភ​ដល់​សាលា គី​រី​សុវណ្ណ​វង្ស​នេះ​ផង​ដែរ​។ ក្នុង​នាម​លោក ជា​នាយក​សាលា តំណាង​ឲ្យ​លោកគ្រូ​អ្នកគ្រូ មាតាបិតា​សិស្ស សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​ជិះ​កង់​រួម​មិត្ត ដែល​បាន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​សិស្ស ដែល​កំពុង​តែ​ជួប​ការ​ខ្វះខាត ក៏​ដូច​ជា​សិស្ស​ទូទៅ កំពុង​រៀន​នៅ សាលា​បឋម​សិ​ក្ស​នេះ​ផង​ដែរ​។

ចំពោះ​អំណោយ​របស់​ក្រុម​ជិះ​កង់​រួម​មិត្ត ដែល​បាន​យក​មក​ផ្តល់​ជូន​សាលា ក្នុងថ្ងៃនេះ​មាន កង់​ចំនួន​២​គ្រឿង ត្រូវ​បាន​ផ្តល់​ជូន​កុមា​រា អៀ ចំរើន និង​ទី​២ ផ្តល់​ជូន​កុមារី​ឈ្មោះ ខុន ស៊ី​ណេ​ត​។ ក្រៅពី​នោះ​មាន​សៀវភៅ​ចំនួន ៦១៣​ក្បាល ប៊ិ​ច ៦១៣​ដើម ខ្មៅ​ដៃ​៦១៣​ដើម ថវិកា ៦១៣ ០០០​រៀល និង​ស៊ីម៉ង់ត៍​ចំនួន ១​តោន​សម្រាប់ ចាក់សាប​នៅ​មុខ​ខ្លោងទ្វារ​សាលា​ផង​ដែរ​។ សូម​បញ្ជាក់​ដែរ​ថា ក្រុម​ជិះ​កង់​រួម​មិត្ត គឺជា​ក្រុម​ជិះ​កង់​ស្ម័គ្រចិត្ត​ដែល​បាន​រួម​គ្នា​ជិះ​កង់ ដើម្បី​សុខភាព​។

ប៉ុន្តែ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ក្រុម​នេះ តែងតែ​ធ្វើ​សប្បុរសធម៌ នាំ​យក​អំណោយ​ជា​សម្ភារ​សិក្សា​ទៅ​ជូន​ដល់​សាលា​ឆ្ងាយ​ៗ ជួយ​ដល់​ក្មេង​កំព្រា ជន​ចាស់ជរា អ្នកមាន​ជំងឺ​គ្មាន​ទីពឹង​ជាដើម ។ ទាំងនេះ គឺជា​ការ​រួមចំណែក​ក្នុង​ការងារ​ជួយ​ដល់​សង្គម និង​រាជរដ្ឋាភិបាល​ផង​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន