រាជធានីភ្នំពេញ ៖ ការពង្រីកទីផ្សារនាំចេញជាលក្ខណៈអចិន្ត្រៃយ៍នឹងចូលរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ដែលនឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាកាលពីពេលថ្មីៗនេះ ។

លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនី្នរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងពាណិជ្ជកម្មឆ្នាំ ២០១៩កាលពីថ្ងៃទី រសៀលថ្ងៃទី១៩ ខែធ្នូនេះថា កម្ពុជាត្រូវបង្កើនការធ្វើសាកលភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក បន្ថែមទៀត តាមរយៈការបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការចុះ កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP នៅក្នុងឆ្នា ២០២០និងត្រូវជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកកម្មទីផ្សារនាំចេញរបស់កកម្ពុជា សំដៅ គាំទ្រការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។
លោកបានបន្តថា ក្រសួងពាណិជ្ជកម្មគឺមានតួនាទីសំខាន់ក្នុងការធ្វើពិពិធកម្មនេះ ហើយនឹងមានតួនាទីសំខាន់ ក្នុងការជំរុញពាណិជ្ជកម្មនិងទីផ្សារទំនិញកម្ពុជា ដូច្នេះ ក្រសួងពាណិជ្ជកម្មត្រូវការកែទម្រង់ផ្ទៃក្នុង និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក ត្រូវការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាពសេវាសាធារណៈ និងត្រូវការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។ អ្វីដែលសំខាន់នោះ ក្រសួងត្រូវការ រក្សាបាននូវសន្តិសុខស្បៀងអាហារនិងស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ ។
លោកបានបន្តថា ក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងជំរុញការអភិវឌ្ឍន៍តាមដូចអ្វីដែលជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។ហើយតាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះ បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀលឬស្មើនឹងប្រមាណ ២៧លានដុល្លារអាមេរិកផងដែរ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ដោយទទួលបានជោគជ័យ, ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ការធ្វើកំណែទម្រង់សេវាសាធារណៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនៅក្រោមវិស័យពាណិជ្ជកម្ម ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ៕ កែសម្រួលដោយ ៖ សុឃាក់