ចិន​នៅ​តែ​ឈរ​លំដាប់​កំពូល​ក្នុង​ការ​វិនិយោគ​ខេត្ត​មាត់សមុទ្រ​ទោះបីជា​ចិន​ចាកចេញ​ច្រើន​ក៏​ដោយ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ជនជាតិ​ចិន​មួយ​ចំនួន​ធំ​បាន​ចាក​ចេញពី​ប្រទេសកម្ពុជា ជា​ពិសេស​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​តំបន់​មាត់សមុទ្រ​និង​តំបន់​សំខាន់​មួយ​ចំនួន​ទៀត​តាម​ព្រំដែន​ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​បិទ​ល្បែងភ្នាល​តាម​អន​ឡាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​រងទឹក​ភ្នែក​វ័ណ្ឌ​.​ក នឹង​បំណុល​ធនាគារ​ក្តី ក៏​ប៉ុន្តែ​សម្រាប់​ខេត្តកំពត​វិញ​នៅ​តែ​ទទួល​បានការ​វិនិយោគ​ពី​ជនជាតិ​ចិន​ច្រើន​គួរសម​ដដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​មិន​បាន​ធ្វើ​អោយ​មានការ​ប្រែប្រួល​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នោះ​ទេ ។

Loading...

លោក​កែវ សុ​ជាតិ អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​ក្រុមហ៊ុន អចលនទ្រព្យ​មួយ KW Cambodia ប្រចាំ​ខេត្តកំពត បាន​ប្រសាសន៍​ថា​ការ​ប្រែប្រួល​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​មិន​មាន​នោះ​ទេ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ខេត្ត​នេះ នៅ​តែ​ទទួល​បាន​កំណើន​វិនិយោគ ដដែល ដោយ​មាន​ជនជាតិ​ចិន​ជា​ច្រើន​បាន​ចូល​មក​និង​ស្វែងរក​ដីធ្លី សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន ។ ក្រៅពី​ជនជាតិ​ចិន​ក៏​មាន​ជនជាតិ​ផ្សេង​បូក​រួម​នឹង​វិនិយោគិន​ក្នុងស្រុក​ក៏​បាន​ចាប់អារម្មណ៍​លើ​វិនិយោគ​ផង​ដែរ ដោយសារ​តែ​ខេត្តកំពត មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ដែល​មានការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

លោក​បាន​បន្ត​ថា សក្ដានុពល​ខេត្តកំពត​ដែល​ធ្វើ​អោយ​វិនិយោគិន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នេះ ដោយសារ​តែ​ខេត្ត​នេះ មាន​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទឹក​ជ្រៅ​បន្ថែម​ទៀត និង​គម្រោង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន ដូច្នេះ​ហើយ​ទើប​អ្នក​វិនិយោគ ត្រូវការ​អភិវឌ្ឍន៍​លើ​ឧស្សាហកម្ម និង​អភិវឌ្ឍន៍​ទៅ​លើ​គម្រោង​ទេសចរណ៍​ដើម្បី​បំពេញតម្រូវការ​ទៅ​តាម​សេចក្តី​ការ​នា​ពេល​បច្ចុប្បន្ន​នេះ និង​ពេល​អនាគត ។

​លោក​សុ​ជាតិ បាន​បន្ថែម​ថា «​ការ​ចាកចេញ​របស់​ជិន​ជាតិ​កាលពី​ពេល​កន្លង​នេះ គឺជា​ការ​ចាកចេញ​របស់​អ្នកលេង​ល្បែង​តាម​អន​ឡាញ ហើយ​ផល​ប៉ះពាល់​ដូច​ជា​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​វា​មាន​ពិតមែន ដោយសារ​តែ នៅ​ពេល​ដែល​ចិន​ចាកចេញ​ច្រើន ធ្វើ​អោយ​អ្នក​ដែល​ទទួលផល​ពី​ចិន ដូច​ជា​អ្នក​ផ្ដល់​សេវា​ស្នាក់​នៅ (​បន្ទប់​ជួល អគារ​ជួល ) បាន​ធ្លាក់​ចុះ បាត់បង់​ភ្ញៀវ និង​ធ្វើ​អោយ​តម្លៃ​នៃ​ការ​ជួល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ឬ​គ្មាន​អ្នក​ជួល​តែ​ម្តង ពីព្រោះ​តែ​សកម្មភាព​នៃ​ការ​ចាកចេញ​របស់​ចិន យ៉ាង​គំហុក​ពេក ។ ​លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ជំនួស​អោយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​លេងល្បែង បច្ចុប្បន្ន​នេះ ចិន​ដែល​ជា​អ្នក​វិនិយោគ​ពិត​ៗ​បាន​ចូល​មក​រក​ការ​វិនិយោគ​ក្នុង​ខេត្តកំពត និង​កំពុង​ត្រូវរ​កដៃ​គូរ​សហការ​ជាមួយ​ពួក​គេ​ផង​ដែរ » ។

លោក​គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ​រៀល​អ៊ី​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្តកំពត មាន​គម្រោង​ធំ​ៗ​ជា​ច្រើន ដែល​គ្រោង​នឹង​អភិវឌ្ឍន៍​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​គម្រោង​មួយ​ចំនួន ក៏​កំពុង​អភិវឌ្ឍន៍​បណ្ដើរ​ហើយ​ផង​ដែរ ។ លោក​បាន​បន្ត​ថា ចំពោះ​ជនជាតិ​ចិន ដែល​មាន​អ្នក​ព្រួយបារម្ភ​ពី​ការ​ចាកចេញ​កន្លង​មកនេះ គេ​នឹង​ត្រលប់​មក​វិញ ដោយសារ​តែ​ចិន​និង​កម្ពុជា គឺ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ ហើយ​ប្រទេស​ទាំង​ពីរ ក៏​ប្ដេជ្ញា​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផង​ដែរ ដូច្នេះ​តាម​រយៈ​យុទ្ធសាស្ត្រ​នេះ ចិន​នឹង​ត្រលប់​មក​វិញ ជាមួយនឹង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត ។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខាងលើ​បាន​បន្ថែម​ទៀត​ថា «​ការ​ចូល​មក​វិញ​របស់​ជនជាតិ​ចិន​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា នៅ​តែ​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ វិនិយោគិន​ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៀត ព្រោះ​កម្ពុជា​មាន​ទីតាំង​ល្អ​ដែល​ជំរុញ​អោយ​វិ​និ​យោគិ​ន​ចង់​មក​បណ្ដាក់ទុន ។ កម្ពុជា​ស្ថិត​នៅ​ចំណុចកណ្ដាល​អាស៊ាន មិន​មាន​បាតុភូត​គ្រោះ​រញ្ជួយ​ដី ប​ន្ទុះ​ភ្នំភ្លើង រឺរ​លក​យក្ស​ស៊ូ​ណា​មិ​នោះ​ទេ ។ ទាំងនេះ​ជា​ហេតុផល​ដែល​វិនិយោគិន​បរទេស​ចង់​មក​បណ្ដាក់ទុន បូក​រួម​ជាមួយ​លក្ខ​ខ័​ណ្ឌ​អនុគ្រោះ​ផ្សេង​ទៀត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ » ។

បើ​តាម​លោក ឧកញ៉ា សៀ ឬ​ទ្ធី​អ្នក​វិនិយោគ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​លើក​ឡើង​ថា ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត គួរតែ​ងាក​មក​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​វិស័យ​ទេសចរណ៍​ដូច​ជា​អភិវឌ្ឍន៍​ទៅ​លើ​បឹង​ហ្កា​ឡូ សណ្ឋាគារ រី​សត ជាដើម ។ មូលហេតុ​នោះ​គឺ​ដោ​សយារ​តែ​កំណើន​ភ្ញៀវ​ទេសចរ បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក៏​ទទួល​បាន​ភ្ញៀវ​បរទេស​ជា​ច្រើន​ផង​ដែរ មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​តួលេខ​របស់​ក្រសួងទេសចរណ៍​កម្ពុជា បានអោយ​ដឹង​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៥,៣​លាន​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាង​ដែល​រយៈពេល​នោះ មាន​ភ្ញៀវ​ចិន​ប្រមាណ​ជាង​២​លាន​នាក់​ផង​ដែរ​បាន​មក​ដល់​កម្ពុជា ។ ខណៈ​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ក៏​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប​ប្រមា​ន ៦,២​លាន​នាក់​ផង​ដែរ ៕