រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្រោង​ពង្រីក​ការ​ផលិត​ទឹក​ស្អាត​អោយ​បាន​១​លាន​ម៉ែត្រគូប

227

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កំណើន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជាយ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ឡើង​ៗ នាំ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​ក៏​កាន់តែ​កើនឡើង​ខ្ពស់​ផង​ដែរ ។ ក្នុង​ន័យ​នេះ​កន្លង​មក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ ។

Loading...

យ៉ាងណាមិញ ជាមួយនឹង​កំណើន​អ្នក​ចូល​មក​រស់នៅ​ក្រុងភ្នំពេញ​កាន់តែ​ច្រើន​ឡើង ជំរុញ​អោយ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ត្រូវ​បន្ថែម​ការ​ផ្គត់ផ្គង់​អោយ​គ្រប់គ្រាន់​តាម​តម្រូវការ​អ្នក​ប្រើប្រាស់ ដោយ​បច្ចុប្បន្ន​នេះ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាច​ផលិត​ទឹកបាន​ជាង​៦០​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ និង​គ្រោង​ពង្រីក​អោយ​បាន​១​លាន​ម៉ែត្រគូប ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

បើ​តាម​លោក​ស៊ឹ​ម ស៊ី​ថា អគ្គនាយក​នៃ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កំណើន​ពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ​និង​ខេត្តកណ្ដាល បាន​ធ្វើ​អោយ​តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​កាន់តែ​ច្រើន ដែល​តម្រូវ​អោយ​រដ្ឋ​ករ​ទឹក​បន្ថែម​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​អោយ​គ្រប់គ្រាន់ ទៅ​តាម​តម្រូវការ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ សមត្ថភាព​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាច​ផលិត​បាន​ទឹក​ស្អាត​ប្រមាណ​៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និង​មាន​គម្រោង​អោយ​បាន​១​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។

​លោក​បាន​បន្ត​ថា រដ្ឋ​ករ​ទឹកបាន​និង​កំពុង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​រួច​ហើយ​ដើម្បី​ផ្គត់​ផ្គត់​អោយ​បាន​១​លាន​ម៉ែត្រគូប សម្រាប់​តែ​នៅ​ភ្នំពេញ និង​ក្រុង​តា​ខ្មែរ នៃ​ខេត្តកណ្ដាល ដែល​នេះ​ជា​ចក្ខុវិស័យ​របស់​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវធ្វើ​អោយ​បាន ។ លោក​ថា​៖«​សព្វ​ថ្ងៃនេះ រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ត​បណ្ដាញទឹក​ស្អាត ទុយោ បាន​ប្រមាណ​៣​លាន​ម៉ែត្រ ( ៣​លាន​គីឡូម៉ែត្រ ) រួច​ហើយ​សម្រាប់​នៅ​ភ្នំពេញ​និង​តា​ខ្មៅ ដែល​គិត​ជា​កុង​ទ័​រ​សរុប​ប្រមាណ​៣៨​ម៉ឺន​កុង​ទ័​រ » ។

​លោក​បាន​បន្ថែម​ថា ដោយសារ​តែ​កំណើន​អតិថិជន​ដែល​ប្រើប្រាស់​ទឹក​ស្អាត​របស់​រដ្ឋ​ករ​ទឹក​កាន់តែ​ច្រើន​នោះ ការ​មក​បង់ប្រាក់​របស់​អតិថិជន​នៅ​តាម​បញ្ជរ​ក៏​កាន់តែ​ច្រើន​ដែរ ហើយ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​អតិថិជន និង​មិន​ត្រូវការ​បុគ្គលិក​ចាំ​ទទួល​លុយ​ច្រើន​នោះ រដ្ឋ​ករ​ទឹកបាន​ចាប់ផ្ដើម ធ្វើ​ពិពិធ​កម្ម​អោយ​អតិថិជន​បាន​បង់ប្រាក់​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់ និង​ជា​ពិសេស​នោះ​គឺ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ធនាគារ ។ ក្នុង​ឆ្នាំ​២០១០ អ្នក​ដែល​ជ្រើសរើស​យក​ការ​បង់ប្រាក់​មក​រដ្ឋ​ករ​ទឹក​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ធនាគារ​មាន​តែ​ប្រមាណ​៧​ភាគរយ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ ការ​បង់ប្រាក់​មក​កាន់​រដ្ឋ​ករ​ទឹក​មាន​រហូត​ដល់​៥៣​ភាគរយ​ឯណោះ ។

​សូម​រំលឹក​ផង​ដែរ​ថា​ថ្វី​ត្បិត​តែ​រដ្ឋ​ករ​បាន​បង្កើន​បរិមាណ ទឹក​កាន់តែ​ច្រើន​ដូច្នេះ​ក្ដី​ក៏​ប៉ុន្តែ​តំបន់​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​ពី​រដ្ឋ​ករ​គ្រប់គ្រាន់​នៅឡើយ​ទេ ជាក់ស្ដែង​កាលពី​រដូវប្រាំង​ដើមឆ្នាំ ២០១៩​នេះ ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទឹក​ដើរ​ចែក​ហើយ​ពលរដ្ឋ​ខ្លះ​ត្រូវ​ទិញ​ទឹក​ដើម្បី​បង្គ្រប់​ការ​ប្រើប្រាស់​របស់​ខ្លួន ។

បើ​តាម​មន្ត្រី​ការិយាល័យ​នៃ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា តំបន់​ខ្លះ​ត​បណ្ដាញ​ទុយោ​រួច​ហើយ ក៏​ប៉ុន្តែ មិន​មាន​សម្ពាធ​ទឹក​គ្រប់គ្រាន់​នោះ​ទេ ពោល​គឺ​មាន​ទៅ​តាម​ពេលវេលា ដូច​ជា​ពេល​យប់​កណ្ដាល​អា​ធ្រា​ត្រ ឬ​នៅ​ពេល​បុណ្យ​ទាន ដែល​ពលរដ្ឋ​រាជធានី​ភ្នំពេញ​ចាក​ចេញពីផ្ទះ ធ្វើ​ដ​ណើ​រ​កម្សាន្ត​ដូច​ជា​នៅ​រដូវ​ភ្ជុំបិណ្ឌ រដូវ​ចូល​ឆ្នាំ​ខ្មែរ​ជាដើម ។

ដើម្បី​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ជាយ​រាជធានី ត្រូវការ​ដាក់​ម៉ូ​ទ័​រ​បូមទឹក​បន្ថែម​ទៀត ដើម្បី​បូមទឹក​ដែល​មាន​ក្នុង​ទុយោ​របស់​រដ្ឋ​ករ ដែល​សម្ពាធ​ខ្សោយ​នោះ បញ្ចូល​ក្នុងផ្ទះ ដើម្បី​ប្រើប្រាស់ ។ សម្រាប់​រដូវ​ប្រាំំ​ង​ឆ្នាំ ២០២០​ខាង​មុខ​នេះ បើ​តាម​រាជរដ្ឋាភិបាល​បាន​ព្យាករណ៍​អាកាសធាតុ​នឹង​ក្ដៅ​ខ្លាំង​ហើយ​អូស​បន្លាយ​យូរ ។ រាជរដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​កុំ​ធ្វើស្រែ​ប្រាំង​បន្ថែម​ទៀត ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​ក្នុង​ករណី​ចាំបាច់ ដូច្នេះ​ឆ្នាំ​នេះ​មិនដឹង​ថា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មានការ​ខ្វះខាត​ដូច​ឆ្នាំ​មុន​ទៀត​ឬ​យ៉ាងណា​នោះ​ទេ ៕