រថយន្ដ​បែន​ដឹក​ដី​ជែង​រថយន្ដ​កូ​រ៉ូ​ឡា​មិន​ផុត រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ប្រឡាយ

136

រាជធានី​ភ្នំពេញ ៖ រថយន្ដ​បែន​ដឹក​ដី​១​គ្រឿង​មិនដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ បាន​បើកបរ​ក្នុង​ល្បឿន​លឿន នោះ​លឿន​ចង់​ដាច់​កង់ បន្ទាប់​មក​បាន​ជែង​រថយន្ដ​កូ​រ៉ូ​ឡា​១​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​កូ​រ៉ូ​ឡា​ក៏​បើក​លឿន​ដែរ​ទើប​ជែង​អត់​ផុត​។ មិនតែប៉ុណ្ណោះ​បាន​វាក់​ជាមួយ​រថយន្ត និង​ម៉ូតូ​ខាង​មុខ​ហើយ​អ្នកបើកបរ​បាន​ខំ​កាច់ចង្កូត​គេច​ចេញ​ទាំង​ស្លន់ស្លោ បណ្ដាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល ចូល​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ទ្រ​មេឃ​ដូច​សត្វ​ត្រ​ដៀវ​វ៉ិ​ច​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ​។

Loading...

ឧប្បត្តិ​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​ក្រឡាប់​នោះ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ KDL-0315 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​។ អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​នោះ បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដែល​ពុំ​ដឹង​ថា​ប្រញាប់​ទៅ​ណា​ទេ​។

លុះ​ពេល​ទៅ​ដល់ ចំណុច​កើតហេតុ​ក៏​បាន​ជែង​រថយន្ត​កូ​រ៉ូ​ឡា​១​គ្រឿង​ទៀត​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​កូ​រ៉ូ​ឡា​ក៏​បើក​លឿន​ដែរ​ទើប​រថយន្ត​បែប​នេះ​ជែង​មិន​ផុត ហើយ​បាន​វាក់​ជាមួយ​រថយន្ត និង​ម៉ូតូ​ផ្សេង​ទៀត​នៅ​ខាង​មុខ​ផង អ្នកបើកបរ​បាន​ខំ​គេច​កាច់ចង្កូត​ចេញ ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ចូល​ក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្ដង ចំណែក​រថយន្ត​រ៉ូ​កូ​ឡា​បាន​បើក បន្តដំណើរ​ទៅ​មុខ​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ រថយន្ត​ខាងលើ​មិន​បង្ក​គ្រោះថ្នាក់ និង​បង្ក​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​ទើប នគរបាល​ប្រាប់​ឲ្យ​អ្នក បើកបរ​រថយន្ត​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​នេះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​។​ទាក់ទង និង​គ្រោះថ្នាក់​ខាងលើ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​រថយន្ត​ធុន​ធំ ទាំងអស់​ជា​ពិសេស​រថយន្ត​ដឹក​ដី​នេះ​ដែល​បើកបរ​ខ្វះ​សុជីវធម៌​លឿន​ហួសហេតុ​មិន​គិត​ពី​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

ទន្ទឹម​នឹង​នេះ​ពួក​គាត់​ក៏​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ឃាត់​រថយន្ត​បែន​ដឹក​ដី ដើម្បី​ណែនាំ​កុំ​ឲ្យ​បើកបរ​លឿន ព្រោះតែ​ពួក​គាត់​ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព កូនចៅ​រក​ពួក​គាត់​ដែល​ជិះ​កង់ ជិះ​ម៉ូតូ និង​ដើរ​ឆ្លងផ្លូវ ទៅ​លេង​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ក៏​ដូច​ជា​ទៅ​សាលារៀន​ផង​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា