រថយន្ត​ដឹក​ដី​របស់​ឧកញ៉ា ញឹក ផ​ន បើក​បុក​បង្គោល​ភ្លើង​រលើង​ទាំង​គ្រឹះ

219

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង របស់​មេការ​រណ្តៅ​ដី​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ បាន​បើក​ឡើង​សួនច្បារ​របាំង​ចែក​ទ្រូង​មហាវិថី​ឈ្នះ​ឈ្នះ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​រលើង​ទាំង​គ្រឹះ ហើយ​រថយន្ត​នោះ​ក្រឡាប់​ដេក​ស្តូក​នៅ​កណ្តាល​ទ្រូងផ្លូវ​។ ហេតុការណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឲ្យ មនុស្ស​រង​របួស​ឡើយ គ្រាន់តែ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​រថយន្ត​តែ​ប៉ុណ្ណោះ​។

Loading...

រថយន្ត ដែល​ក្រឡាប់​នោះ​ជា​រថយន្ត​បែន​ដឹក​ដី​ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥៥០៨ ដែល​គេ​អះអាង​ថា រថយន្ត​របស់​មេការ​រណ្តៅ​ដី​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ដែល​មាន​រហស្សនាម​០៨ បើកបរ​ដោយ​ឈ្មោះ បូ បាន​គេចខ្លួន​បាត់​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​នោះ​ដឹក​ដី​ពេល​ធ្វើ ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​ទេ ស្រាប់តែ​រថយន្ត​នោះ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ខឿន​ឡើង​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ បុក​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់ រលើង​ទាំង​គ្រឹះ ហើយ រថយន្ត​នោះ​ក៏​បាន​ទាញ​ចង្កូត​ក្រឡាប់​ដេក​ស្តូ​ទៅ​ខាងស្តាំ​ដៃ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​គេ​ឃើញ​អ្នកបើកបរ​បាន​លួច​ចេញ​តាម​កញ្ចក់​មុខ ទាំង​ព្រលឹង​ចុង​សក់​រួច​គេចខ្លួន​បាត់​។

បន្ទាប់​ពី​គ្រោះថ្នាក់​គេ​ឃើញ ម្ចាស់​រថយន្ត​ក៏​បាន​យក​គ្រឿងចក្រ​មក​កាយ​ដី​ចេញ និង​យក​រថយន្ត​មក​ស្ទួ​ច លើក​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​។ គួរ​បញ្ជាក់ កាលពី​ថ្មី​នេះ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង របស់​មេការ​រណ្តៅ​រហស្សនាម​០៨ បាន​បើក​ឆ្លងផ្លូវ​ចេញពី​ការដ្ឋាន​ត្រូវ​បាន​ម៉ូតូ​មក​បុក​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​រង​របួស​ម្នាក់ រំលង​មិន​បាន​ប៉ុន្មាន​ផង រថយន្ត​មួយ​គ្រឿង​នេះ​ក៏​បាន​ជួប​គ្រឿង​ថ្នាក់​បើក​បុក​បង្គោល​ភ្លើង​ក្រឡាប់​ទៀត​៕ ដោយ ៖ ម៉េ​ង ធា