ខេត្តកំពង់ឆ្នាំង ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានប្រតិកម្មទៅនឹងការវាយកម្ទេចចោលនូវ អគារបុរាណមានអាយុកាលជិត៧០ឆ្នាំ ពីគណៈកម្មការអាចារ្យ ក៏ដូចជាចៅអធិការវត្តទេពធីតារាម ហៅវត្តយាយទេព ដោយពុំមានការសុំច្បាប់អនុញ្ញាត។ ទោះជាយ៉ាងនេះក្តី ការប្រតិកម្មបែបនេះ ហាក់យឺតពេលទៅហើយ គ្រាហ៍ដែលអគារបុរាណនោះបានបាក់រាបដល់ដី ហើយពេលនេះកំពុងកសាងអគារថ្មី ឈានដល់ការចាក់គ្រឹះ និងឡើងសសរជាបណ្ដើរៗហើយ។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថា លោកទើបតែនឹងទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២ ធ្នូនេះទេ។

ដោយសារតែជាប់រវល់ភារកិច្ចច្រើនពេក ហើយបើដឹងពីដើមទីមកលោក ក៏ឃាត់ភ្លាមៗដែរ។ ប៉ុន្តែយ៉ាងនេះក្តី នៅព្រឹកថ្ងៃទី២ ខែធ្នូ នេះ លោកក៏បានចុះទៅធ្វើកំណត់ហេតុ ដោយមានសមត្ថកិច្ច និងអាជ្ញាធរផងដែរ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា អគារធម្មមន្ទីរនៅក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព កសាងឡើងនៅឆ្នាំ១៩៥០ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៥១ ដែលគិតមកដល់ពេលនេះមានអាយុកាល៦៩ឆ្នាំទៅហើយ។ ក្នុងច្បាប់ស្តីពីបេតិកភណ្ឌជាតិ អគារឬសំណង់បុរាណដែលមានចំណាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅជាសម្បត្តិបេតិកភណ្ឌជាតិ។

ជាក់ស្ដែងដូចជាសសរស្ពាននៅនៅខេត្តបាត់ដំបងដែលអភិបាលខេត្តសំណូមពរវាយកម្ទេចចោលកសាងថ្មីនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការជំទាស់ ព្រមទាំងប្រមុខរាជរដ្ឋាភិបាល ក៏មិនអនុញ្ញាតផងដែរ តែឲ្យធ្វើស្ពានថ្មីនៅជិតនោះ។ សម្រាប់អគារធម៌មន្ទីរនៅក្នុងវត្តទេពធីតារាមនេះ ពេលមានការវាយកម្ទេចចោល មិនបានសុំច្បាប់ការអនុញ្ញាតនោះទេ គឺគ្មានទាំងអស់។

ជុំវិញបញ្ហានេះ គណៈកម្មការអាចារ្យវត្តក៏ដូចជា ចៅអធិការវត្តទេពធីតារាមហៅវត្តយាយទេព មិនអាចសុំការបំភ្លឺបានទេ ក៏ប៉ុន្តែយោងតាមប្រសាសាន៍របស់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដែលបានដកស្រង់សម្ដី ចៅអធិការ ក៏ដូចជាគណៈកម្មការវត្តបានឱ្យដឹងថា អគារនោះមានសភាព ទ្រុឌទ្រោមណាស់ទៅហើយ ម្យ៉ាងវិញទៀតមិនមានភិក្ខុ ឬពុទ្ធបរិស័ទណាហ៊ានចូល ស្នាក់នៅឡើយ។ ដោយឡែកយោងតាមបណ្ដាញសង្គមក៏បានប្រតិកម្មទៅនឹងការវាយកម្ទេចអគារចាស់ បុរាណរបស់វត្តទេពធីតារាមនោះច្រើនដែរ ដោយលើកហេតុផលផ្សេងៗ៕ ដោយ ៖ ពៅ សុខហ៊ាន



