បិទ​ការ​ប្រកួត​កីឡាបាល់ទាត់ ដណ្តើម​ពានរង្វាន់​អភិបាលខេត្ត

421

ខេត្ត​ប៉ៃលិន ៖ នៅ​ទីលាន​តារាង​បាល់ទាត់​សួន​រីករាយ ដែល​ស្ថិត​នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់ ដើម្បី​អបអរសាទរ​ខួប​ទី​៤១ ទិវា​ជ័យជម្នះ ៧​មក​រា ១៩៧៩ ដល់ ៧ មក​រា ២០២០ ដែល​ជា​ថ្ងៃកំណើត​ទី​ពីរ របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។

Loading...

ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យ កីឡា​គ្រប់​ប្រភេទ​ធ្វើ​ឱ្យ​វិស័យ​កីឡា​នៅ​ទូ​ទាំង​ប្រទេស​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​បាន​ទទួល ជ័យ​លា​ភី​ជា​បន្តបន្ទាប់​លើ​ឆាក​អន្តរជាតិ ហើយ​សមិទ្ធផល​ទាំង​អស់នេះ​គឺ​កើត​ចេញពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រា ១៩៧៩ ដែល​ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា និង​ក្រោម​នយោបាយ​ឈ្នះ​ៗ​របស់​សម្តេច ដែល​មិន​អាច​កាត់ថ្លៃ​បាន​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត និង​សប្បុរសជន ដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​គាំទ្រ លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​របស់​យើង ឱ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​បាន​ផ្តល់​ឱកាស​ដល់​យុវជន បាន​បង្ហាញ​នូវ​សមត្ថភាព បង្កើន​នូវ​បទ​ពិសោធន៍ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​កីឡាករ​ដ៏​ល្អ សម្រាប់​ឆ្ពោះទៅ​ការ​ប្រកួត​ថ្នាក់​ជាតិ​។ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ក្មួយ​ៗ ក្រុម​កីឡាករ​ទាំងអស់ ត្រូវ​ខិតខំ​ប្រកួត​តាម​លក្ខណៈ​បច្ចេកទេស និង​ត្រូវ​មាន​សាមគ្គីភាព យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះថា​ការ​ប្រកួត​តែងតែមាន​ចាញ់ និង​ឈ្នះ ហើយ​ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​គ្នា​បន្តិច​បន្តូច​មិន​ខាន​ឡើយ ជា​ពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ ពី​គ្រឿងញៀន ហើយ​នាំ​គ្នា​លេង​កីឡា​ដើម្បី​សុខភាព​។

បើ​តាម​របាយការណ៍ របស់​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​៖ ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត គឺ​ដើម្បី​អបអរសាទរ​ខួប​ទី​៤១ ទិវា​ជ័យជម្នះ ៧​មក​រា ១៩៧៩-៧​មក​រា ២០២០ នា​ពេល​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​០៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ដល់ ថ្ងៃ​ទី​០៧ មក​រា ឆ្នាំ​២០២០ ដោយ​ការ​ប្រកួត​នេះ​មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​១១​ក្រុម ហើយ​ជា​លទ្ធផល​ចំណាត់ថ្នាក់ លេខ​១ បាន​ទៅ​លើ​ក្រុម​តោ​ចាស់ របស់​មណ្ឌលកុមារ​កំព្រា​ខេត្ត​,​ចំណាត់ថ្នាក់​លេខ​២ ក្រុម​សាលាខេត្ត​ប៉ៃលិន​, ចំណាត់ថ្នាក់​លេខ​៣ ក្រុម​ផែស្ងួត SOFIA FC, និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រុម​ឃុំ​ស្ទឹង​ត្រង់ ដោយឡែក​ក្រុម​លេង​មាន​សីលធម៌​ល្អ បាន​ទៅ​លើ​ក្រុម មន្ទីរ​កិច្ចការ​នារី​ខេត្ត​ប៉ៃលិន ( FAMILY FC)​។

ចំពោះ​ពានរង្វាន់ ឯកឧត្តម​អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តល់​ជូន​ក្រុម​កីឡាករ ដោយ​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពាន​១ និង​ថវិការ​ចំនួន ៣​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ថវិការ​ចំនួន ២​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ថវិកា ១​លាន​រៀល ៥​សែន​រៀល​ផង​ដែរ​៕ ដោយ ៖ នី​យ៉ា