អ្នកប្រព្រឹត្តបទល្មើសនេសាទ បែរជាប្ដឹងប្រជាពលរដ្ឋទៅវិញ !

194

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០​នាក់ មក​ពី​ភូមិ​ភ្លង និង​ភូមិ​ទន្លេ​ក្រៅ ស្រុក​ជល​គិរី នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ បាន​លើកគ្នា​មក​កាន់​ខេត្តកំពង់ឆ្នាំង ដើម្បី​រក​អ្នក​សារព័ត៌មាន ឲ្យ​ជួយ​អន្តរាគមន៍​ពី​បញ្ហា ពួក​គាត់​ត្រូaវ​បាន អ្នក​រកស៊ី​បទល្មើស​នេសាទ​ប្ដឹង​ពួក​គាត់​ទៅ​កាន់​តុលាការ​។ លោក គង់​សា​រិ​ទ្ធ ដែល​ជា​តំ​ណា​ឲ្យ​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា​៖ ពួក​គាត់​ត្រូវ​បាន​មេបទ​ល្មើស​នេសាទ មានឈ្មោះ ពេជ្រ សៀង រស់នៅ​ភូមិ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ប្តឹង​ទៅ​កាន់​តុល​ការ​។

Loading...

ឈ្មោះ ពេ​ជ សៀង នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ដាក់​លប មាន​ប្រវែង​២៧០០​ម៉ែត្រ គឺ​ដាក់​ខួប​ប្រាំង និង​វស្សា ព្រមទាំង​ដាក់​ចូល​ទៅ​ដល់​ក្នុង​ដែន​អភិរក្ស របស់​សហគមន៍​ទៀត​ផង​។ ពួក​គាត់​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ដែរ តែ​គ្មាន​ការ​បង្ក្រាប​នោះ​ឡើយ​។ ដោយសារ​តែ​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​បែប​នេះ​ហើយ​ទើប​ក​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ជា​រដូវ​បិទ​នេសាទ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​រួម​ប្រជុំ​គ្នា ដោយ​ស្នើ​សុំ​ឲ្យ​ឈ្មោះ ពេជ្រ សៀង ដក​របាំង ដែល​មាន​ប្រវែង វែង​ជាង​២​គីឡូ​នេះ​ចេញ ដើម្បី​ឲ្យ​សម្បូរ​ត្រី​ឡើង​វិញ និង​ទុក​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ បាន​នេសាទ​ផង​។

ម្យ៉ាងវិញទៀត​គឺ​របាំង​នេះ បាន​ដាក់​នៅ​ក្នុង​ពេល​ដែល​រដូវ​បិទ​នេសាទ​។ ក្រោយមក​ឈ្មោះ ពេជ្រ សៀង ក៏​បាន​សន្យា​ដក​ចេញ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ប៉ុន្តែ​ថ្ងៃ​នោះ​គឺ​មិន​បានឃើញ​ដក​បាំង​នោះ​ទេ​។ តែ​ឈ្មោះ ពេជ្រ សៀង ជា​ម្ចាស់​បទល្មើស បាន​សុំ​ដក​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា គឺ​សុំ​ទុក​លទ្ធភាព​១​ថ្ងៃ​ទៀត ដើម្បី​រក​កម្មករ​មក​ជួយ​រុះរើ ហើយ​បើ​ថ្ងៃ​នោះ គាត់ (​ពេ​ជ សៀង​) មិន​បាន​រើ​ទេ​គឺ​ប្រជាពលរដ្ឋ​រើ​ដោយ​ខ្លួនឯង​ចុះ​។ លុះដល់​ពេល​កំណត់ មិនឃើញ ឈ្មោះ ពេជ្រ សៀង រើ​របាំង​នោះ​ចេញ​ប្រជាពលរដ្ឋ​នាំ​គ្នា​រុះរើ​របាំង​នោះ​ទៅ​។

ស្រាប់តែ​ឈ្មោះ ពេជ្រ សៀង បាន​ប្ដឹង​ចោទប្រកាន់​មនុស្ស​៣​នាក់ ទៅ​កាន់​តុលាការ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃ ប៉ុនប៉ង​សម្លាប់ និង​ជេរ​ប្រមាថ ដោយ​ទាមទារ​ម្នាក់​៥​ម៉ឺន​ដុល្លារ​។ អ្នក​ដែល​ត្រូវ​ឈ្មោះ ពេជ្រ សៀង ប្តឹង មាន ឈ្មោះ​ដុ​ង ឌី​ម​, ឈ្មោះ ឃិ​ត វិសាល និង​រូប​គាត់ គង់ សា​រិ​ទ្ធ​។ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ក្រសួងយុត្តិធម៌ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ពួក​គាត់​ផង ព្រោះថា​បទល្មើស​នេសាទ​បាន​កើតឡើង ពួក​គាត់​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជលផល​ទៅ​បំផ្លាញ​ចោល ប៉ុន្តែ​គ្មាន​អ្នក​ទៅ​បំផ្លាញ​ចោល ទើប​ពួក​គាត់​ហ៊ាន​ធ្វើ​បែប​នេះ ម្យ៉ាងវិញទៀត​បទល្មើស​នោះ​ក៏​ស្ថិត​នៅ​ក្នុង​ដែន​អភិរក្ស​ផង​ដែរ​។

ជុំវិញ​បញ្ហា​នេះ ឈ្មោះ ពេជ្រ សៀង យើង​មិន​អាច​សុំ​ធ្វើការ​បំភ្លឺ​បាន​ទេ​។ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​លោក លី​ឡា នាយ​ខណ្ឌ រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមករា​នេះ​ថា​៖ វិវាទ​រវាង​ភាគី​ទាំង​ពីរ​នេះ​គឺ​កើតឡើង​នៅ​ក្នុង​អំឡុង​ខែតុលា មិនមែន​ខែកញ្ញា ក្នុង​រដូវ​បិទ​នេសាទ​ទេ​។ ម្យ៉ាងវិញទៀត​ពេល​ដាក់​របាំង របស់​ប្រជាពលរដ្ឋ ក្នុង​ពេល​នោះ​គឺ​ដាក់​មុខក្រោយ​គ្នា​ដណ្តើម​គ្នា​ដាក់​មុខ ទើប​មាន​ទំនាស់ ហើយ​បញ្ហា​នេះ​លោក​បាន​ឲ្យ​សម្របសម្រួល​គ្នា​ហើយ​ប៉ុន្តែ​មិន​ត្រូវ​គ្នា​យ៉ាងណា​លោក ក៍​មិនដឹង​ដែរ​។ ចំណែក​រឿង​ចោទ​មន្ត្រី​ជំនាញ​មិន​បង្ក្រាប​នោះ គឺ​ខុស​ហើយ​ឲ្យ​តែ​ប្រជាពលរដ្ឋ​រាយការណ៍ គឺ​ទៅ​ភ្លាម លើកលែងតែ​របាំង​មាន​លក្ខណៈ​គ្រួសារ របាំង​ខ្លី​ៗ ជាដើម​៕ ដោយ ៖ ពៅ សុខ​ហ៊ាន