ឯកឧត្តម គន់ គី​ម អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ

112

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​កម្ម​ពិសេស នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ផ្តល់​អនុសាសន៍ ដល់​អ្នក​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​-​ក្រុង​-​ស្រុក ត្រូវ​ធ្វើការ​ណែនាំ​ដល់ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន អំពី​វិធានការ នៃ​ការ​ថែរក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយ​អនុវត្ត​ទៅ តាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វិធានការ​នៃ​ការ​ថែរក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយនៅ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង មួយ​ចំនួន​នៅ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

ការ​ជំរុញ​ណែនាំ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ឯកឧត្តម អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ ដើម្បី​ចែករំលែក​ទឹក ដល់​ស្រុក​មង្គល​បូ​រី​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត ទឹក​ប្រើប្រាស់ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០​។ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​កម្ម​ពិសេស នៃ​គណៈកម្មាធិការ ជាតិ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ ក៏​បាន​ណែនាំ បន្ថែម​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​២​ត្រូវ​មាន​កិច្ចសហការ​គ្នា មាន​វប្បធម៌​ចែករំលែក ក្នុង​ការ​ដោះស្រាយ​ទឹក ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។

ដោយឡែក​ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន មិន​ត្រូវ​បូមទឹក​ស្រះ បឹង បួ ឬ​ត្រពាំង ដើម្បី​ចាប់​ត្រី​ឡើយ ក្នុង​ការ​ថែរក្សា​ទឹក​ទាំងនោះ​ប្រើប្រាស់​នៅ​រដូវប្រាំង​នេះ ដែល​យើង​កំពុង​តែ​ប្រឈម​នឹង ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បណ្តើរ​ៗ ពិសេស​ស្រុក​មង្គល​បូ​រី​តែ​ម្តង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹកជា​បណ្តើរ​ៗ​។ ដូច្នេះ​សូម​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ឲ្យ​បានជា​ប្រចាំ​លើ​បញ្ហា​ទាំង​អស់នេះ ដើម្បី​រិះរក​គ្រប់​វិធានការ ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​៕ ដោយ ៖ ណុ​ប រក្សា