រថយន្ត​កុងតឺន័រ​គេច​ចេញពី​ម៉ូតូ​កំពុង​ដួល បណ្ដាល​ឲ្យ​បុក​ឡើង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ

279

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​វាក់​ជាមួយ​ម៉ូតូ​១​គ្រឿង ដែល​ត្រូវ​រថយន្ត​ផ្សេង មួយ​គ្រឿង​ទៀត បុក​បណ្ដាល​ឲ្យ​ដួល​លើ​ផ្លូវ ពេល​នោះ​អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ចេញ​ទាំង​ប្រថុចញ៉ុច បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ព្រមទាំង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​ទើប​ឈប់​ស្ងៀម​។ ហេតុការណ៍​នេះ​បាន​លើ​ត​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​ចោម​ចៅ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

រថយន្ត​ខាងលើ​នោះ​ក​ម៉ាក FREIGHTLINER ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0671​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​កុងតឺន័រ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-0021 របស់​ក្រុមហ៊ុន MING LIANG បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ រថយន្ត​នេះ​ជួប​គ្រោះថ្នាក់​ខ្លួនឯង​បន្ទាប់​ពី​បើក​គេច​ចេញ​ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-0885 កំពុង​ដួល​លើ​ផ្លូវ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ត្រូវ​រថយន្ត ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​បើក​បុក​ពីក្រោយ​។

ម៉ូតូ​ខាងលើ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ វ៉ែន ចេក អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​សំណង់ មានស្រុក​កំណើត ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ​(​ក​) ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​រំ​ចក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រង​របួស​ជើង​ខាងឆ្វេង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ បណ្ដាល​ឲ្យ​ដួល​លើ​ផ្លូវ និង​រង​របួស​ជើង​ឆ្វេង​។ បន្ទាប់​មក​រថយន្ត​សាំ​យ៉ុ​ង​បាន បើក​រត់​បាន​ឆ្ងាយ​បន្តិច​ទើប​ឈប់​ហើយ​អ្នកបើកបរ​បាន​ចុះ​រត់​បាត់​ស្រមោល ស្រប​ពេល​នោះ​រថយន្ត​កុងតឺន័រ បាន​បើកបរ​ក្នុង​ល្បឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ បាន​វាក់​ជាមួយ​ម៉ូតូ ដែល​ដួល​នោះ​ហើយ​អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ពី​ម៉ូតូ​ទើប​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​១​ដើម​។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​ហើយ​ឲ្យ​ខាង​អ្នក​ជិះ​ម៉ូតូ​រង​គ្រោះ​ដោះស្រាយ​ជាមួយ​ខាង​តំណាង​ភាគី​រថយន្ត​សាំ​យ៉ុ​ង​។ ដោយឡែក​រថយន្ត​កុងតឺន័រ​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ការិយាល័យ នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យន់ ស៊ី​ថា