បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​បាន​២​នាក់ រឹបអូស​បាន​គ្រឿងញៀន​៥​គីឡូក្រាម

597

ខេត្តបាត់ដំបង ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង បង្ក្រាប​បាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ករណី ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ហើយ​ថែម​ទាំង​រឹបអូស​ថ្នាំ​ញៀន​ប្រមាណ​៥​គីឡូក្រាម កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ មក​រា ពេល​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ នៅ​ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។

Loading...

គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ស្ពាយ​គ្រឿងញៀន ដែល​គេ​សង្ស័យ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ប្រហែល​៥​គីឡូក្រាម​នោះ​នៅឡើយ​ទេ ព្រោះ សមត្ថកិច្ច​ស្ថិត​ក្នុង​ការ​នាំ​នៅឡើយ​។ ប៉ុន្តែ​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​បាន​ស្ពាយ គ្រឿងញៀន​៥​កញ្ចប់​ធំ​នោះ​ទៅ​ដេក​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណីត​មួយ នៅ​ក្បែរផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទូល​តា​ឯក​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ទៀប​ភ្លឺ ជន​ទាំង​២​នាក់​បាន​ស្ពាយ គ្រឿងញៀន​ចុះ​ពី​សណ្ឋាគារ ហើយ​ចេញដំណើរ​បាន​បន្តិច​ក៏​ត្រូវ​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ស្ទាក់​ចាប់​ទាំង​មនុស្ស​ទាំង​គ្រឿងញៀន​មួយ​សម្ពាយ​តែ​ម្ដង​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទាំង​ជនសង្ស័យ​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ឆោម ពិសម័យ