ពលរដ្ឋ​មួយ​គ្រួសារ​ចោទ​អាជ្ញាធរ​ស្រុក​ថា មាន​ភាព​លំអៀង​លើ​បញ្ហា​រុះរើ​ដី​ចំណី​ផ្លូវ

294

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សុបិន ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច បាន​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា​៖ មាន​ភាព​លំអៀង​ក្នុង​ការ​រៀបចំ ឲ្យ​ចាកចេញ ពី​ដី​ចំណី​ផ្លូវ​ដែល​ជាតិ​ដែល​កំពុង​សាងសង់ ដោយ​មិន​ស្មើភាព​គ្នា ខណៈ​ដែល​គាត់​បាន បរិច្ចាគ​ដី​ប្រវែង​២០​ម៉ែត្រ ពី​អាក់​ផ្លូវ​តាម​ការ​កំណត់​ផ្លូវ​ហើយ​។ តែ​អាជ្ញាធរ​បាន​ឲ្យ​គាត់​រុះរើ​បន្ថែម៨​ម៉ែត្រ​ទៀត ខុស​ពី​អ្នក​ផ្សេង​ទៀត ដែល​រស់នៅ​តា​មង​ផ្លូវជាតិ​លេខ​៥​ដូច​គ្នា ហេតុនេះ​ហើយ​ក្រុម​គ្រួសារខាងលើ បាន​សំណួ​ម​ពរ ដល់​អាជ្ញាធរ​ខេត្ត និង​សូម​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​គ្រួសារ គាត់​ផង​។

Loading...

លោក ម៉ែ​ន ចំរើន បាន​លើក​ឡើង​ថា​៖ គ្រួសារ​គាត់​បាន​ទិញ​ដី និង​បាន​ចូល​មក​រស់នៅ​ភូមិ ឃុំ​ខាងលើ ដោយ​មាន​អាជ្ញាធរ ភូមិ​ឃុំ​ទទួលស្គាល់​ត្រឹមត្រូវ​។ នៅ​ពេល​មានការ​អភិវឌ្ឍន៍​ធ្វើ​ផ្លូវជាតិ​លេខ​៥ ក្រុម​គ្រួសារ​គាត់ បាន​យល់ព្រម​បរិ​ចា្ច​គ​ដី ប្រវែង​២០​ម៉ែត្រ​ពី​អាក់​ថ្នល់​ស្មើ​ៗ​គ្នា ដូច​អ្នក​រស់នៅ​តាម​ដងផ្លូវ ជាតិ​លេខ​៥ ដទៃ​ទៀត​ដែរ​។ ប៉ុន្តែ​ហេតុ​អី្វ?ខាង​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច មិន​សុខចិត្ត និង​បាន​ឲ្យ​គ្រួសារ​គាត់​រុះរើ​ផ្ទះ​បន្ត​ប្រវែង ៨​ម៉ែត្រ​ទៀត​។ បើសិន​ការ​រុះរើ​នេះ​មាន​ប្រវែង​សរុប​២៨​ម៉ែត្រ ស្មើ​ៗ​គ្នា គ្រួសារ​គាត់​ក៏​យល់ព្រម​ដែរ តែ​នេះ​ធ្វើ​តែ​គ្រួសារ​គាត់​។

ចំណែក​បុរស​ឈ្មោះ ណៃ គា​ណុ​ល ជា​នាយករង​វិទ្យាល័យ​វិទ្យាល័យ ហ៊ុន​សែន កំពង់ត្រឡាច និង​ជា​សមាជិក​ក្រុម​គ្រួសារ​ខាងលើ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ក្រុម​គ្រួសារ​គាត់​បាន​យល់​បរិច្ចាគ​ដី​តាម​ការ​កំណត់​របស់​ខាង​ធ្វើ​ផ្លូវ រួច​ហើយ​គឺ ២០​ម៉ែត្រ ប៉ុន្តែ​បើ​ខាង​រដ្ឋ ដែល​ជា​អ្នក​ធ្វើ​កំពុង​ធ្វើ​ផ្លូវ​ទាមទារ ៨​ម៉ែត្រ​ទៀត គ្រួសារ​គាត់​ក៏​ព្រម​ឲ្យ​ដែរ តែ​នេះ​បែរជា​ខាង​អាជ្ញាធរ​ស្រុក​ទៅ​វិញ គឺ​មាន​ភាព​អយុត្តិធម៌ លើ​គ្រួសារ​គាត់​ខ្លាំង​ណាស់​។ ជាមួយ​គ្នា​នេះ​ស្ត្រី​ឈ្មោះ លុយ សុគន្ធ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ព្រោះ​គ្រួសារ​គាត់​នៅ​សល់​តែ​ដី​ប៉ុណ្ណឹង​សម្រាប់ អាជីវកម្ម និង​រស់នៅ​តែ​ប៉ុណ្ណោះ​។

ជុំវិញ​បញ្ហា​នេះ លោក ឈឹ​ម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរ​សព្ទ័​ថា​៖ យោង​ទៅ​តាម​គណៈកម្មការ​ថ្នាក់​ខេត្ត​ឯកភាព​គ្នា ដោយ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ រុះរើ និង​អ្នក​មិន​ទាន់​រុះរើ ត្រូវ​តែ​រុះ ឲ្យ​អស់​ដោយ​ខ្លួនឯង តាម​ការ​កំណត់​ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២០​។ ប៉ុន្តែ​បើ​គាត់​លើក​ឡើង​ថា មាន​អ្នក​ធ្វើ​ផ្លូវ ឬ​ក៏​ក្រុម​ធ្វើ​ផ្លូវ កំណត់​យក​ត្រឹម ២០​ម៉ែត្រ សូមអ្នក​សារព័ត៌មាន​ទៅ​សួរ​អ្នក​ធ្វើ​ផ្លូវ​ដោយ​ខ្លួនឯង​ចុះ​។ ខាង​អាជ្ញាធរ ធ្វើ​នេះ​គឺ​ធ្វើ​តាម​អនុក្រឹត្យ ពិសេស​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មការ​ថ្នាក់​ខេត្ត តែ​ប៉ុណ្ណោះ​។

យ៉ាងនេះ​ក្តី​ក្រុម​គ្រួសារ​ដែល តម្រូវ​ឲ្យ​រុះរើ​ខាងលើ​នូវ​បាន​បញ្ជាក់​ថា​៖ នេះ​ជា​ភាព​មិន​ត្រឹមត្រូវ ធ្វើ​តែ​គ្រួសារ​គាត់ ក៏​ព្រោះ​អ្នក​ដែល​មាន​ដី នៅ​ពីក្រោយ​គាត់ មាន​ដី​គ្មាន​ផ្លូវ​ចេញ ហេតុនេះ​ហើយ​ប្រសិនបើ​គ្រួសារ​គាត់ ត្រូវ​រុះរើ​តាម​ការ​កំណត់ របស់​អាជ្ញាធរ​មែន​នេះ អ្នក​នៅ​ពីក្រោយ​ដី​គាត់ និង​បាន​ផ្លូវ​ចេញ​មក​ថ្នល់ជាតិ​ដោយ​ស្វ​យ័​ប្រវត្តិ មិន​ពិបាក​ប្តឹង​ទាមទារ​គាត់​ច្រើន​លើក​ច្រើន​សារ ដូច​កាលពីមុន​ទៀត​ឡើយ​។ យ៉ាងណា​ក៏​ដោយ​ចុះ នេះ​ជា​ការ​លើក​ឡើង​របស់​គ្រួសារ​មួយ ខាងលើ​តែ​ប៉ុណ្ណោះ យក​ល្អ​អាជ្ញាធរ​គួរតែ​យក​បញ្ហា​នេះ​ដាក់​លើ​តុ ដើម្បី​សម្របសម្រួល​ដោះស្រាយ​គ្នា ជា​ពិសេស​ភាគ​ខាង​ធ្វើ​ផ្លូវ មិន​គួរ​លោក​អភិបាលស្រុក​ដេញ អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​សួរ​អ្នក​ធ្វើ​ផ្លូវ​ឡើយ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន