អាជ្ញាធរ​ខណ្ឌចំការមន​ចុះ​បិទ​មណ្ឌល​កម្សាន្ត «​អធិរាជ​» រឹបអូស​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១២​ទូ និង​ឃាត់ខ្លួន​មនុស្ស ១៣​នាក់

138

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក កែវ សំណាង ជា​អភិបាលរង​ខណ្ឌ លោក ហា​យ សិ​ទ្ធី ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ កម្លាំង​នគរបាល​ខណ្ឌ និង កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ធ្វើការ​បិទ​អាជីវកម្ម​មណ្ឌល កម្សាន្ត​របស់​ជនជាតិ​ចិន​មួយ​កន្លែង ដែល​មានឈ្មោះ​ថា «​អធិរាជ​»​។ ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ឃើញ​ថា ទីតាំង​ខាងលើ​បើក​ដំណើរការ​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ មិនតែប៉ុណ្ណោះ​ក៏​មាន​លួចលាក់​បង្កប់​ទូ​ហ្គេ​ម បាញ់​ត្រី​ដែល​ជា​ល្បែងស៊ីសង​ខុសច្បាប់​រហូត​ដល់​ចំនួន ១២​ទូ ហើយ​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ និង​ចិន សរុប​ចំនួន ១៣​នាក់ ផង​ដែរ​។

Loading...

ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​មណ្ឌល​កម្សាន្ត​យីហោ «​អធិរាជ​» ដែល​ស្ថិត​នៅ​ទីតាំង​គ្មាន​លេខ ផ្លូវ​លេខ​៧៨ ភូមិ​១៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ មន្ត្រី​សាលា​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​ដោយ​លោក កែវ សំណាង ជា​អភិបាលរង​ខណ្ឌចំការមន លោក ហា​យ សិ​ទ្ធី ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ ដោយ​មានការ​ចូលរួម​អំពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ទន្លេបាសាក់ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ បាន​នាំ​គ្នា​ចុះ​ធ្វើការត្រួតពិនិត្យ​កន្លែង​កម្សាន្ត​មួយ​កន្លែង​ដែល​មានឈ្មោះ​មណ្ឌល​កម្សាន្ត​ឈ្មោះ «​អធិរាជ​» ខាងលើ ដែល​មាន​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន និង​បាន​បើក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ​។

តាម​ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​មណ្ឌល​កម្សាន្ត​ឈ្មោះ អធិរាជ នេះ​ដែរ គឺ​កម្លាំង​របស់​លោក​បាន​រក ឃើញ​ថា ការ​បើក​អាជីវកម្ម​រកស៊ី​របស់​ជនជាតិ​ចិន​ខាងលើ​នេះ គឺ ធ្វើ​ឡើង​ដោយ​មិន​មាន​ឯកសារ ឬ​លិខិត​ស្នាម​អ្វី​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ឡើយ​។ មិនតែប៉ុណ្ណោះ​ក៏​រក​ឃើញ​មាន​បង្កប់ ទូ​ហ្គេ​ម​បាញ់​ត្រី ដែល​ជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន ១២​ទូទៀត ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន មនុស្ស​ប្រុស ស្រី សរុប​ចំនួន ១៣​នាក់ ក្នុង​នោះ​មាន​ជា​ជនជាតិ​ចិន​ចំនួន ៧​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ៦​នាក់​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ក្នុង មណ្ឌល​កម្សាន្ត​ឈ្មោះ «​អធិរាជ » ខាងលើ​ឃើញ​ថា បើក​ប្រកប​អាជីវកម្ម​ដោយ​ខុសច្បាប់ និង មាន​លួចលាក់​បង្កប់​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន ១២​ទូ​ខាងក្នុង នោះ​ក៏​បាន​បិទ​អា​ជី​កម្ម​ជា​បណ្តោះអាសន្ន ចំណែកឯ​ជន​ន​ជាតិចិន និង​ជនជាតិ​ខ្មែរ​ប្រុស ស្រី ទាំង​១៣​នាក់ ក៏​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលា​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​ផង​ដែរ​៕ ដោយ ៖ ភី ផល