បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ រឿង​វា​សិស្ស​ដូច​គ្នា​បណ្តាល​ឲ្យ​ស្លាប់

121

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​បញ្ជូន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ យុវជន​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ដល់​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​។ យុវជន​ជា​ជនសង្ស័យ​ឈ្មោះ នី លី​ស៊ា​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា អន្ដរទ្វីប​អា​មេ​រិ​កាំ​ង (AIS) ស្នាក់​នៅផ្ទះ​លេខ​៣A ផ្លូវ​១២BT សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ​។

Loading...

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលារៀន​ឯកជន AIS ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង រវាង​សិស្ស និង​សិស្ស​វាយ​គ្នា បណ្តាល​ឲ្យ​សិស្ស​ម្នាក់​រង​គ្រោះ​ដល់​ស្លាប់​នៅ​នឹង​កន្លែង​។ ជន​រង​គ្រោះ​ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស ជា​សិស្សសាលា អន្តរទ្វីប​អា​មេ​រិ​កាំ​ង ស្នាក់​នៅផ្ទះ​លេខ​៤៣០ ផ្ល​វ​២៤BT ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ​។

ដំណើររឿង មុន​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ បាន​ជិះ​ម៉ូតូ​ចេញពី​សាលា អន្ដរទ្វីប​អា​មេ​រិច​កាំ​ង ទៅ​ជួប​ជាមួយ​ជនសង្ស័យ​នៅ​ផ្លូវ​៤០២ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ដែល​បាន​ណាត់​វ៉ៃ​គ្នា​ជាមួយ និង​ជនសង្ស័យ​ជា​ការ​ស្រាយគំនុំ​ទំនាស់​រឿង​ហៅ​(​អា​)​។ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ទៅ​ជួប​គ្នា ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ផ្តួល​ម៉ូតូ​មាន​បំណង​រត់គេច​ខ្លួន តែ​រត់​មិន​រួច​ត្រូវ​ជនសង្ស័យ​វាយ​រហូត​ស្លាប់​។ ឃើញ​ដូច្នោះ​ជនសង្ស័យ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក Today គេចខ្លួន​បាត់។

បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​សូ​វៀត ប៉ុន្ដែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ហើយ ។ ក្រោយ​កើតហេតុ​បាន​ប៉ុន្មាន​ម៉ោង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​យុវជន​ជា​ជនសង្ស័យ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់