ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​ជិត​៦០​កញ្ចប់

110

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ដែល​សង្ស័យ​ថា ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ព្រមទាំង​ធ្វើការ ដកហូត​បាន ថ្នាំ​ញៀន​ចំនួន​៥៧​កញ្ចប់​ផង​ដែរ​។ ប្រ​តិ​បត្ត​ការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

ជនសង្ស័យ​ខាងលើ​រួន​មាន​៖ ១-​ឈ្មោះ ចាន់ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មានស្រុក​កំណើត ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២-​ឈ្មោ ភឿន ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត ស្រុក រលៀប្អៀរ ខេត្តកំពង់ឆ្នាំង និង​ជា​ម្ចាស់​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។ ៣-​ឈ្មោះ រឿ​ន ថា​វី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ​កាត់ដេរ​ត្រូវ ជា​ប្រពន្ធ​របស់​ជន​ទី​២ និង​មានស្រុក​កំណើត​នៅ​ក្នុង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

៤-​ឈ្មោះ កង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត ភូមិ​ស្វាយ​យ៉ា ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​នេះ​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​ផ្ទាល់​ដោយ​លោក​លោក​វរសេនីយ៍ទោ ម៉​ន វុ​ធី អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ លោក​វរសេនីយ៍ត្រី ភួង បូ​ណា អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥៧​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​។ ទើប​ខណៈនោះ​លោក​អធិការ​នគរបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ដោយ​ផ្ទាល់​តែ​ម្ដង បន្ទាប់​មក​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា