រាជធានីភ្នំពេញ ៖ បុរសអនាថាវ័យចំណាស់ម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ ក្នុងបរិវេណវត្តកំបូល ដោយភ្លាមៗពុំមាននរណាដឹងថាមូលហេតុអ្វីឡើយ។ បន្ទាប់មកបានរាយការណ៍ទៅកាន់សមត្ថកិច្ច ចុះទៅពិនិត្យមើលហើយមានការសង្ស័យថា ស្លាប់ដោយសារជំងឺគាំងបេះដូង។ ហេតុការណ៍នេះបានបង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលាបុណ្យវត្តកំបូល ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពបុរសខាងលើមិនត្រូវបានស្គាល់ អត្តសញ្ញាណឡើយមានអាយុប្រហែលជាង៥០ឆ្នាំ ស្នាក់អាស្រ័យគ្មានគោលដៅច្បាស់លាស់នោះទេ ប៉ុន្តែភាគច្រើនស្នាក់នៅនៅក្នុងវត្តកំបូលនោះតែម្ដង។ ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាព្រឹកថ្ងៃកើតហេតុគាត់ទិញបបរ១ចានឲ្យបុរសនេះហូប ប៉ុន្តែបុរសនោះមិនព្រមហូបឡើយ និងគិតតែពីដេកមិនក្រោយសោះ លុះរហូតដល់ពេលកើតហេតុ នៅតែមិនឃើញក្រោកទើបចូលទៅដាស់ឲ្យក្រោកហូបបាយហូបទឹក ស្រាប់តែប្រទះឃើញស្លាប់បាត់ ទៅហើយ។

ទើបមានការភ្ញាក់ផ្អើលហើយបានរាយការណ៍ជូននគរបាលប៉ុស្តិ៍កំបូលឲ្យចុះទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ។ បន្ទាប់មកបាននាំយកសាកសពទៅកាន់វត្តអង្គបឹងចក សង្កាត់កំបូល ដើម្បីធ្វើបុណ្យបូជា៕ ដោយ ៖ យន់ ស៊ីថា