រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នាទីស្ដីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបសវនាការជាមួយលោក Tserenbat Namsrai រដ្ឋមន្ត្រីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីពង្រឹង ថែមទៀតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកអំពី ចំណងការទូតរវាងប្រទេសទាំងពីរជាពិសេសការគាំទ្ររបស់ម៉ុងហ្គោលីដល់កម្ពុជាក្នុងដំណាក់កាលកសាងជាតិដ៏លំបាកបន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត ជាពិសេសក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ក៏បានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាផងដែរ។ លោករដ្ឋមន្ត្រីបានបង្ហាញអំពី ការបន្តអភិវឌ្ឍវិស័យទេសចរណ៍តាមគោលការណ៍ចីរភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ ក្រោមយន្តការការងារអន្តរក្រសួង ដែលនឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

លោក Tserenbat Namsrai រដ្ឋមន្ត្រីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់ នៃវិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ ក្នុងនោះភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមាន អនុស្សរណៈ យោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖ ១-ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។

២-ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែក ឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។ ៣-ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរ ត្រង់រវាងប្រទេសទាំងពីរ។ ៤-ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញ ផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។

សូមរំលឹកថា តាមកម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕ ដោយ ៖ សុខ សារ៉ាយ