យុវជន​ម្នាក់​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក​បត់​ត្រឡប់​ក្រោយ

77

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ម្ខាង​ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ផ្លូវត្រង់ បន្ទាប់​មក​បាន​វាក់​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក​១​គ្រឿង ដែល​បើក​ស្របគ្នា​សុខ​ៗ​ស្រាប់តែ បត់​ឡប់​ក្រោយ មិន​មើល​ឆ្វេង​ស្ដាំ និង​គ្មាន​ភ្លើង​ស៊ី​ញ៉ូ​អ្វី​ទាំងអស់​។ ពេល​នោះ​ដោយសារ​តែ​គេច​ចេញ អត់​ទាន់ និង​ជាន់​ហ្វ្រាំង​មិន​ឈប់​ក៏​មិន​ទាន់​ក៏​បាន​បុក​ពីក្រោយ​រ៉ឺ​ម៉ក​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ ដួល​រង​របួស​បាក់ជើង​ស្ដាំ​ម្ខាង​ធ្ងន់ធ្ងរ​។

Loading...

ចំណែកឯ​អ្នកបើកបរ​រ៉ឺ​ម៉ក​បង្កហេតុ​អត់​រង​របួស​ទេ និង​បាន​ប្រាប់​អ្នក​ទៅ​ចោមរោម​មើល​ដោយ​ការ​កុហក​ថា ជន​រង​គ្រោះ​របួសស្រាល​គ្រាន់តែ​រលាត់​ដៃជើង ទៅ​វិញ រួច​ប្រញាប់ប្រញាល់​ចេញ​សំណង​ទៅ​ជន​រង​គ្រោះ​បន្តិចបន្តួច​បញ្ចប់រឿង​ដោយ​ខ្លួនឯង និង​មិន​ឲ្យ​នគរបាល​លូកដៃ​រឿង​នេះ​ឡើយ រីឯ​ជន​រង​គ្រោះ​ក្រោយ​ពី​បញ្ចប់រឿង​រួច​ទើប​ដឹង​ថា​ខ្លួន​បាក់ជើង​។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ចូល​រោងចក្រ​QMI ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​ព្រំប្រទល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ទិ​ត្យ ច័ន្ទ​ដា​រ៉ា អាយុ​២៥​ឆ្នាំ រង​របួស​បាក់​កជើង​ស្តាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​២០១២(​ប៊ិ​ច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-4071 មួយ​គ្រឿង​។ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​ឈ្មោះ ហើយ​កន្ទុយ​រ៉ឺ​ម៉ក​គ្មាន​ភ្លើង​ស៊ី​ញ៉ូ​ត្រឹមត្រូវ​ឡើយ សូម​នគរបាល​ចរាចរ​ជួយ​ពិនិត្យ​មើល​ផង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​ជាមួយ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​សាច់​ជ្រូក​១​គ្រឿង​នោះ​ផង​ដែរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉ឺ​ម៉ក​ដឹក​សាច់​ជ្រូក បត់​ត្រឡប់​ក្រោយ​ទាំង​គឃ្លើន​ដោយ​មិន​មើល​ឆ្វេង​ស្ដាំ ឬ​ស៊ី​ញ៉ូ​ភ្លើង​ឡើយ​ដែល​ជា​ហេតុ អ្នក​ជិះ​ម៉ូតូ វាក់​ជាន់​ហ្វ្រាំង​មិន​ទាន់​គេច​ចេញ​ក៏​មិន​ទាន់​។ ទើប​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដឹក​សាច់​ជ្រូក​នោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ធ្ងន់ធ្ងរ​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា