អាជ្ញាធរ​បាន​ចុះ​បាញ់​គំនូស​កំណត់ ចិញ្ចើម​ផ្លូវ​បេតុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៤

209

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​បាន​ចុះ​បាញ់​គំនូស​កំណត់ ចិញ្ចើម​ផ្លូវ​បេតុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​កោះ​ខ្យង ឆ្លងកាត់​ឃុំ​អូ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរ​ជ្រៅ រក្សា​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​ទំហំ​ធំ ជាង​បច្ចុប្បន្ន ក្នុង​នោះ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ជាប់​ផ្លូវ​ដែល​អាជ្ញាធរ​អះអាង​ថា ប៉ះពាល់​ដល់​គម្រោង ការពារ​ចិញ្ចើម​ផ្លូវ​នេះ​ត្រូវ​បាន​អាជ្ញាធរ​គូស​កំណត់​ឲ្យ​រុះរើ​ផង​ដែរ​។ លោក សរ កក្កដា អភិបាលស្រុក ព្រៃ​នប់​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​តាម​ទូរ​សព្ទ័​នៅ​ល្ងាច​ថ្ងៃ​៣០ មក​រា ២០២០​ថា ដើម្បី​រក្សា​ចិញ្ចើម​ផ្លូវ​ឲ្យ​ធំ​ទូលាយ អាជ្ញាធរ​ស្រុក​តំរូវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​សំណង់​ផ្សេង​ៗ​តាម​សងខាង​ផ្លូវ​នេះ រក្សា​គម្លាត​ពី​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​ចំនួន​១៥​ម៉ែត្រ ទើប​អនុញ្ញាត​ឲ្យ​មាន​សំណង់​ដូច​ជា​លំនៅ​ដ្ឋា​ន​ជាដើម​។

Loading...

បើ​តាម​លោក​អភិបាលស្រុក​បញ្ជាក់​ថា ជា​ទូទៅ​គម្រោង​នេះ​ឃើញ​មានការ​ប៉ះពាល់​ច្រើន​នៅ​ត្រង់​ចំណុច ផ្សា​របឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ដែល​មានការ​លក់ដូរ​ឬ​ការ​សាងសង់​មក​លើ​ចំណី​ផ្លូវ​។ ប្រភព​ពី ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​សម្បែង អាជ្ញាធរ​តំរ​ឲ្យ​រុះរើ​ថ្លែង​ថា មានផ្ទះ​ខ្លះ​បាន​ប៉ះពាល់​ច្រើន ប្រសិនបើ​រុះរើ តាម​ការ​កំណត់​១៥​ម៉ែត្រ​ពី​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​អាច​នឹង​អស់​ផ្ទះ​តែ​ម្តង និង​បាន​ស្នើ​សុំ​ឲ្យ​អ​ជ្ញា​ធរ​ពិនិត្យ ពិចារណា​ជួយ​រក​ដំណោះស្រាយ​សម​ស្រប​មួយ ដែល​មាន​ប្រយោជន៍​ទាំង​សងខាង​។

ជុំវិញ​ការ​លើក​ឡើង របស់​ប្រជាពលរដ្ឋ​នេះ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​ពន្យល់ និង​ជូន​ជា​សំណូមពរ ត្រឡប់​មក​វិញ​ថា ឲ្យ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​យោគយល់ និង​ចូលរួម​ជាមួយ​អ​ជ្ញា​ធរ​ដើម្បី​ការពារ​ចិញ្ចើម​ផ្លូវ ឲ្យ​ធំ​ទូលាយ​តាម​គម្រោង​ដែល​គ្រោងទុក​កន្លង​មក និង​ថា​ផ្លូវ​នេះ​គឺជា​ផ្លូវ​មូលដ្ឋាន​ដ៏​សំខាន់ មាន​ចរាចរ​ច្រើន​ដែល​ត្រូវ​រក្សា​ទំហំ​ផ្លូវ​ឲ្យ​ធំ​ទូលាយ ពិសេស​នៅ​ត្រង់​ចំណុច​ផ្សា​របឹង​តា​ព្រហ្ម ដែល​បច្ចុប្បន្ន​នេះ​កំពុង​ចង្អៀត និង​កកស្ទះ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន