រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនៅក្នុងពិធីជួបជុំសិល្បករចាស់ថ្មី សំពះសុំសេចក្ដីសុខថតរឿងថ្មី ស្រាប់តែគេឃើញវត្តមានកូនស្រីដ៏ស្រស់ស្អាតរបស់អតីតតារាសម្តែង កែវ កល្យាណ មានតំណែងជា តួសំខាន់នៅក្នុងនោះ។ អ្វីដែលនឹកមិនដល់កូនស្រីរូបនេះបានត្រូវអ្នកដឹកនាំ និងអ្នកនិពន្ធ ពាន់ ភួងបុប្ផា ជ្រើសរើសឲ្យមកចូលរួមសម្តែងជាមួយ ហើយផលិតករជើងចាស់រូបនេះមិនមែនចេះតែដាក់តួនោះទេ ប្រសិនបើមិនកើត។

អ្នកស្រី ពាន់ ភួងបុប្ផា បាននិយាយថា មិនមែនរើសមកដោយសារស្គាល់ម្តាយ ឬមានខ្សែទើបបានថតនោះទេ។ តែនេះកូនស្រីរបស់អ្នកនាង កែវ កល្យាណ គឺកញ្ញា កែវ ឡាវិញ គាត់មានបុគ្គលិកលក្ខណៈសមសួនតាមផ្ទៃរឿង ដែលអ្នកស្រីមើលឃើញថា គាត់អាចទៅរួច ទើបអោយឱកាស។ យ៉ាងណាអ្នកស្រីមិនទាន់ដឹងថា ពេលថតគាត់សម្តែងចូលតួបែបណា ទាល់តែប្រឡូកហើយយើងកែខៃគ្នា។ ឡាវិញ ត្រូវជាតួសំខាន់ក្នុងរឿង «រសជាតិអ្នកមាន» ដែលជារឿងភាគថ្មីនៅ ទូរទស្សន៍ ភីអិនអិន បែបអប់រំជីវិតសង្គមពិតៗ ស្តីពីសេចក្តីសុខរបស់ ក្នុងគ្រួសារមួយ មិនសំខាន់ទ្រព្យមួយមុខទេទាល់តែកើតចេញពីសមាជិកគ្រួសារ។

កញ្ញា កែវ ឡាវិញ ដែលមានមុខស្អាតដូចឥណ្ឌា រាងខ្ពស់សាច់ស បានឲ្យដឹងថា កញ្ញាកាន់តែភ័យបុកពោះ ពេលទទួលដំណឹងបានការងារជាតួអង្គសំខាន់ថតឲ្យអ្នកមីងបុប្ផា ដែលជាបុគ្គលឆ្នើមខាងភាពយន្ត។ នាងមានតែព្យាយាមធ្វើការឲ្យល្អ ហើយមិនមែនអាងម្តាយអត់ខំសម្តែងដុះខាត់នោះទេ។ ផ្ទុយទៅវិញ នាងបានទុនខ្លះៗពីអ្នកម្តាយឲ្យចេះលេងទឹកមុខពេលថត រៀនឈ្វេងយល់ពីមនុស្សជុំវិញខ្លួន បើស្រឡាញ់សិល្បៈចង់បន្តវេន។ ពេលនេះគាត់បើកឱកាសអត់ហាមនោះទេ មានតែចាំអ៊ុតមើល ការងារយើងរលូនបែបណា។

ឡាវិញ និយាយទៀតថា នាងពេញចិត្តតំណែងតួសម្តែង ហើយសិល្បៈចង់បង្ហាញស្នាដៃឲ្យច្រើនដូចជាដើរម៉ូដ និងការងារផ្នែកពិធីការិនីជាដើម។ តារាចូលរួមសម្តែងក្នុងរឿង «រសជាតិអ្នកមាន» រួមមានលោក ជា សំណាង, កញ្ញា កែវ ឡាវិញ, កញ្ញា ទឹម រដ្ឋា, កញ្ញា ខាត់ យ៉ាឡាង, កញ្ញា ម៉ូនី វិជ្ឋរ៉ា, បញ្ញា សិទ្ធិ, អ៊ែត វីន, ហង្ស សម្បើមស័ក្តិ, លោក ជន និងតារាផ្សេងៗទៀត៕ ដោយ ៖ ខាត់ សាមឿន

