ពិតជា​គួ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ឧត្ត​មកា​រ៉ា​តេ​ចា​រ្យ លាង សុវណ្ណ ទទួលមរណភាព​ហើយ

201

រាជធានី​ភ្នំពេញ ៖ ពិតជា​គួ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ឧត្ត​មកា​រ៉ា​តេ​ចា​រ្យ លាង សុវណ្ណ ហៅ​គ្រូ​ឡេ​ង បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​៦៨​ឆ្នាំ​ដោយ​រោគាពាធ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ​។ លោក​បាន​បន្សល់​ទុក​នៅ​ប្រពន្ធ​ម្នាក់ អាយុ​៦៦​ឆ្នាំ និង​កូនប្រុស​ស្រី​២​នាក់​។ សព​លោកគ្រូ​ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កោះ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ត្រូវ​បាន​ប្រតិភូ​គ្រួសារ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​អញ្ជើញ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចុង​ក្រោយ និង​នាំ​យក​ថវិកា​ចំនួន ១១,៥​លាន ចូល​បុណ្យ​គ្រួសា​សព​។

Loading...

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ថា លោកគ្រូ លាង សុវណ្ណ គឺជា​អ្នក​ដែល​បាន​ស៊ូ​ហ្វឹកហាត់ និង​ធ្វើការ​ប្រមូលផ្ដុំ​ឱ្យ​វិស័យ​កា​រ៉ា​តេ​កម្ពុជា រស់រាន​មាន​ជិ​វិត​ឡើង​វិញ នៅ​ក្នុង​ឆ្នាំ​១៩៩៧​។ ហើយ​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ​លោកគ្រូ​ត្រូវ​បាន​សហព័ន្ធ​ប្រកាស​តែងតាំង​លោក គ្រូ លាង សុវណ្ណ ជា​ឧត្តម​ព្រឹទ្ធាចារ្យ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ ហើយ​ក៏​បាន​ផ្ដល់​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​ជា​ចុង​ក្រោយ​ដល់​លោកគ្រូ​ទៀត​ផង​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ថ្ងៃនេះ​គឺជា​ការ​ដឹងគុណ​ដល់​អ្នក​ដែល​ខំ​បង្កបង្កើត​ឱ្យ​កីឡា​កា​រ៉ា​តេ​រស់​ឡើង​វិញ​តាំងពី​ថ្ងៃ​រំដោះ​៧​មក​រា​មក យើង​មាន​តែ​គ្រូធំ​ៗ​ចំនួន​៣​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ គឺ​លោកគ្រូ លាង សុវណ្ណ លោកគ្រូ ឡា​ច ច័ន្ទ​សុវណ្ណ និង​លោកគ្រូ ជា ណូ​រ៉ា​។ លោកគ្រូ លាង សុវណ្ណ ធ្លាប់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​កា​រ៉ា​តេ​តាំងពី​ឆ្នាំ​១៩៧០​។

ហើយ​លោក​គឺជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ស្ថាបនិក​ទាំង​៣​រូប​ខាងលើ ដែល​បាន​បង្កើត​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ ឡើង​វិញ​ក្រោយ​ថ្ងៃ រំដោះ​៧​មក​រា ឆ្នាំ​១៩៧ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ប្ដូ​ឈ្មោះ​មក​ជា​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​វិញ​។ ហើយ​លោក​គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​បង្កើត​ក្លឹ​ប​បង្ហាត់កីឡា​កា​រ៉ា​តេ​នៅ​ភ្នំពេញ ដែល​មានឈ្មោះ​ថា កា​រ៉ា​តេ​ហ្សិ​ន​សេរី​យូ និង​ថៃ​ដូ​។ ម្យ៉ាងវិញទៀត​លោកគ្រូ​មិន​ត្រឹមតែ​ជា​គ្រូបង្ហាត់​ក្បាច់​កា​រ៉ា​តេ នៅ​ក្នុង​សហព័ន្ធ​ប៉ុណ្ណោះ​នោះ​ទេ លោក​គឺជា​គ្រូបង្ហាត់​ក្បាច់​កា​រ៉ា​តេ​នៅ​ក្នុង​អង្គភាព​នគរបាល​ជាតិ​ផង​ដែរ​៕ ដោយ ៖ អ៊ុំ សំ​អូន