រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​បត់​ខ្លាំង​ពេក ដាច់​កន្ទុយ​រ៉ឺ​ម៉ក​ក្រឡាប់ចាក់​ដែក​អេ​ត​ចាយ​ពេញ​ផ្លូវ

375

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ធុន​យក្ស​យី​ឌុ​ប​១​គ្រឿង​មាន​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ដែក​អេ​ត​ចាយ ពេញ​ទ្រុង​ទម្ងន់​រាប់​សិប​តោន​ផង​ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបត់ បាន​បើកបរ​ព្រហើន​បាន​បើក​បត់​ខ្លាំង​ពេក ស្រាប់តែ​ដាច់​ដែក​ទំ​ពក់​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​បណ្ដាល​ឲ្យ ក្រឡាប់ ទាំង​កម្រោល​ចាក់​ដែក​អេ​ត​ចាយ​ចោល​ពេញ​ផ្លូវ​។

Loading...

ពេល​នោះ​ជា​សំណាង​ណាស់​ដែល​គ្មាន នរណា​ម្នាក់​រងគ្រោះថ្នាក់ ប៉ុន្តែ​បាន​បង្ក​សំឡេង​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឲ្យ ញាក់សាច់​ថែម​ទៀត​នោះ គឺ​នៅ​ផ្លូវកែង​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​រាល់ថ្ងៃ ក្រុម​អ្នក​រត់​ម៉ូតូឌុប តែងតែ​ឈប់​រង់ចាំ​ម៉ូយ​ត្រៀបត្រា ប៉ុន្តែ​នៅ​ពេល​កើតហេតុ​បែរជា​គ្មាន​សូ​ម្បី​តែ​ម្នាក់​សោះ ប្រសិនបើ​មាន​វិញ និង​ត្រូវ​ស្ថិត​នៅ​ក្រោម​គំនរ​ដែក​អេ​ត​ចាយ​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ កែង​ផ្លូវ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ភ្លើងស្តុប ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ យី​ឌុ​ប​ពណ៌​ស សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ដឹក​អេ​ត​ចាយ មាន​បិទ​ឡូ​ហ្គោ «HC» ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1089 ហើយ​អ្នកបើកបរ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ឃើញ​រថយន្ត​នេះ​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ អ្នកបើកបរ បាន​បួង​ចង្កូត​បត់​ស្តាំ​ដៃ​ដើម្បី​ឡើង​ទៅ​លើ​ផ្លូវ​៥០​ម៉ែត្រ តែ​ដោយសារ​បត់​លឿន​ខ្លាំង​ពេក​។

ទើប​បណ្ដាល​ឲ្យ​ដាច់​ដែក​ទំ​ពក់​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​ក្រឡាប់ចាក់​ដែក​អេ​ត​ចាយ​ពេញ​ផ្លូវ​តែ​ម្តង ប៉ុន្តែ​ជា​សំណាង​មួយ​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ខូចខាត​ទ្រព្យសម្បត្តិរ​សាធារណៈ​ឡើយ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​សម្រួល​ចរាចរ​មិន​ឲ្យ​កកស្ទះ ហើយដោយ​សារ​តែ​មិន​បាន​ប៉ះពាល់​ដល់ អ្នក​ដទៃ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ទើប​នគរបាល​មិន​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក រួច​ឲ្យ​ខាង​ម្ចាស់​រថយន្ត យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕ ដោយ ៖ យន់ ស៊ី​ថា