រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​ចំនួន​៤០​គ្រឿង​ឲ្យ​ខណ្ឌ​ចំនួន​៦

346

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​ចំនួន​៤០​គ្រឿង​បន្ថែម​ទៀត ដែល​អាច​បែន​ចាក់សំរាម​បាន ដល់​ខណ្ឌ​ចំនួន​៦ ដើម្បី​ពង្រីក​សេវា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​ៗ​ជូន​ខណ្ឌ​ទាំង​៦​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

Loading...

ខណ្ឌ​ដែល​ទទួល​បាន​ម៉ូតូ​ដឹក​សំរាម​ទំនើប​ៗ​នេះ​រួម​មាន​៖ ខណ្ឌ​សែន​សុខ​៦​គ្រឿង​, ខណ្ឌ​ច្បារ​អំពៅ ៦ គ្រឿង​, ខណ្ឌទួលគោក​១០​គ្រឿង​, ខណ្ឌមានជ័យ​៧​គ្រឿង​, ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន ៧​គ្រឿង ខណ្ឌ​៧​មក​រា ៣​គ្រឿង និង​រដ្ឋាករ​ផ្សារ​ធំ​ថ្មី​ចំនួន​១​គ្រឿង​ផង​ដែរ​។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៩​ន្ល​ង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​ៗ​នេះ​ដល់ ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង ដើម្បី​យក​ទៅ​ប្រគល់​ជូន​បន្ត ទៅ​គ្រប់​សង្កាត់​ទាំងអស់ នៃ​ខណ្ឌ​ទាំង​បួន​នេះ ខណៈ​ដែល​ខណ្ឌ​ទាំង​បួន​សុទ្ធតែ​ជា​ខណ្ឌ​សំខាន់ និង​សកម្ម​បំផុត ក្នុង​ការ​ត្រៀម​ប្រមូល​យក​សំរាម និង​សម្អាត ដើម្បី​សោភ័ណ​ភាព​ទីក្រុង និង​អនាម័យ​បរិស្ថាន​ក្នុងអំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ធ្វើ​ឡើង នៅ​បណ្តោយ​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​ទិស​ដៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ប្រគល់​ជូន​ម៉ូតូ​ដឹក​សំរាម​ទំនើប ដែល​អាច​បែន​ចាក់សំរាម បាន​នេះ ទៅ​ប្រគល់​ជូន​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​ប្រគល់​បន្ត​ឲ្យ​គ្រប់​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុង​ការ​នាំ​យក​កាក់​សំណល់ ទៅ​ចាក់ ឬ​ប្រមូលផ្តុំ នៅ​ទីលាន​ចាក់សំរាម ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ការងារ​ប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ