បុរស​ម្នាក់​ត្រូវ​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​១​គ្រឿង​បុក រួច​កិន​ស្លាប់

373

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​១​គ្រឿង​បើក​បុក​ដួល​រួច​កិន​បណ្ដាល​ឲ្យ បាត់បង់​ជីវិត​ទាំង​ពាក់មួក​សុវត្ថិភាព ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​នៅ​ខាង​មុខ​រថយន្ត ក្នុង​ទិស​ដៅ ស្រប​ទិស​គ្នា ហើយ​រថយន្ត​ក៏​បាន​បត់​ទៅ​បុក​បណ្ដាល​ឲ្យ​ដួល​។ ភ្លាម​ៗ​នោះ​អ្នក​ស្ថិត​នៅ​ជិត កន្លែង​កើតហេតុ​បាន​ស្រែក​ឃាត់​ឲ្យ​ឈប់​ដែរ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​ទេ បាន​ជាន់​ហ្គ៊ែ​រ បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​ទើប​កិន​ទាំង​ជន​រង​គ្រោះ​ទាំង​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

Loading...

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​រង​គ្រោះ​ដែល​ស្លាប់ ខាងលើ​នេះ ឈ្មោះ គៀវ ណា​ង អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1F-4773 ចំណែក​រថយន្ត​បង្ក​ម៉ាក SCANIA ប្រភេទ​បែន​យី​ឌុ​ប​ដឹក​ដី ពណ៌​ស គ្មាន​ស្លាក​លេខ និង​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ចំណែកឯ​រថយន្ត​ម៉ាក SCANIA បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​តាម​ពីក្រោយ ក្នុង​ល្បឿន​លឿន​។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​បាន​បត់​ចូល​ទៅ​តាម​ផ្លូវ​មាត់​ប្រឡាយ ក៏​ជ្រុ​ក​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​បន្ទាប់​មក​រថយន្ត​នេះ​បាន​ឈប់​បន្តិច​ដែរ​។ ភ្លាម​ៗ​នោះ​ពួក​គាត់​បាន នាំ​គ្នា​ស្រែ​ឃាត់​យ៉ាង​ខ្លាំង​កុំ​ឲ្យ​រថយន្ត​នេះ​បើក​ទៅ​មុខ​ទៀត ប៉ុន្តែ​អ្នកបើកបរ បែរជា​ជាន់​ហ្គ៊ែ​រ​បន្ថែម​ទៅ​មុខ​ទៀត​ទើប​កិន​ទាំង​មនុស្ស និង​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ទាំង​ក្បាល ពាក់មួក​សុវត្ថិភាព រួច​ហើយ​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ​រត់​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ រួច​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា