សមត្ថកិច្ច​ចម្រុះ​ដេញចាប់​មុខសញ្ញា​ឆក់ ផ្អើល​អស់​៣​ខណ្ឌ

350

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ឆក់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចំនួន​៣​ខណ្ឌ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន បាន​នៅ​ចំណុច ដី​វាល​មួយ​កន្លែង នៅ​តំបន់​បឹង​កក់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បន្ទាប់​ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​តាំងពី ខណ្ឌ​សែន​សុខ ហើយ​បង្ខំចិត្ត​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន តែ​គេច​មិន​រួច​។ ហេតុការណ៍​ដេញចាប់​មុខសញ្ញា​ឆក់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​នគរបាល​ខណ្ឌ​សែន​សុខ ដេញ​តាំងពី​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ឃាត់ខ្លួន​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

Loading...

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឃិ​ន សា​រ៉​ន ភេទ​ប្រុស អាយុ​ឆ្នាំ​២០​ឆ្នាំ ជា​ជាង​ទូរស័ព្ទ មាន​លំនៅ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។ តាម​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ដាក់​កម្លាំង​ពួក​ស្ទាក់ និង​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨៦ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចាស់ ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​។

ខណៈនោះ​ជនសង្ស័យ​ក៏​បានដឹង​ខ្លួន​ទាន់​ជិះ​គេចខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​ន​បាល ចេញ​តាម និង​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​តាម​គោលដៅ​នានា​ក្នុង​មូលដ្ឋាន និង​ខណ្ឌទួលគោក ឲ្យ​ជួយ​ស្ទាក់​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ជនសង្ស័យ​ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ចុះឡើង​ៗ​ចូល​ទៅ​មូលដ្ឋាន ខណ្ឌទួលគោក និង​ឆ្ពោះទៅ​ខណ្ឌដូនពេញ​។ ដោយ​មានការ​ប្រកាស​តាម​វិទ្យុទាក់ទង​នគរបាល​ខណ្ឌ​សែន​សុខ , ខណ្ឌទួលគោក និង​នគរបាល​ខណ្ឌដូនពេញ ចេញ​អន្តរាគមន៍ ដេញ​តាម និង​ស្ទាក់​ធ្វើ​ឲ្យ​ជនសង្ស័យ បង្ខំចិត្ត​ផ្តួល​ម៉ូតូ​ហើយ​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​ត្រែង​ក្នុង​ដី​វាល​តំបន់​បឹង​កក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន បាន​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​សែន​សុខ ដែល​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។ ទោះបីជា​យ៉ាងណា​ភ្លាម​ៗ ជនសង្ស័យ​បាន​បដិសេធ​។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ​៕ ដោយ ៖ ម៉េ​ង ធា