សិក្ខាសាលា​គម្រោង​(PPMS)​ក្រោម​ក្រប​ខណ្ឌ គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ

457

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ (​សាល ក សាលា​ខេត្តបន្ទាយមានជ័យ​) បាន​បើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ និង​ការ​ណែនាំ​អំពី​ប្រព័ន្ធ​ត្រួតពិនិត្យ​ក្រោម​ការ​អនុវត្ត​គម្រោង​(PPMS) ក្រោម​ក្រប​ខណ្ឌ គម្រោង​កាត់ បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប ជំហាន​២​។ ក្រោម​ការ​ចូលរួម​ពី​លោក ហា​យ សំណាង នាយក​ទីចាត់ការ​ផែនការ​វិនិយោគ និង​ជា​ប្រធាន​គម្រោង TSSD AF ថ្នាក់​ខេត្ត អ្នក​ពាក់ព័ន្ធ ក្រុមការងារ​ថ្នាក់​ជាតិ អភិបាលក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ សិក្ខាកាម​បាន​ចូលរួម ១១០​នាក់ ដែល​មាន​រយៈពេល​១​ថ្ងៃ​ពេញ​។

Loading...

លោក ហា​យ សំណាង នាយក​ទីចាត់ការ​ផែនការ​វិនិយោគ និង​ជា​ប្រធាន​គម្រោង TSSD AF ថ្នាក់​ខេត្ត​បាន​លើក​ឡើង​ថា ៖ គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប ជំហាន​២ នឹង​ត្រូវ​អនុវត្ត រយៈពេល​៥​ឆ្នាំ ចាប់ផ្តើម​ពី ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ក្នុង​គោលបំណង កែ​លម្អ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​គោលដៅ តាម​រយៈ​ការ​បង្កើន​ផលិតភាព​កសិកម្ម ព្រមទាំង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​លទ្ធភាព​ចូល​ដល់ទី​ផ្សារ​សម្រាប់​កសិផល​ដែល​បាន​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​តាម​បច្ចេកទេស​កសិកម្ម​។

ហើយ​គម្រោង​នឹង​អនុវត្ត​នៅ​ក្នុង ២៧០​ឃុំ​-​សង្កាត់ និង​៣៧​ក្រុង​-​ស្រុក និង​ខេត្ត​ចំនួន​៧ ក្នុង​នោះ​មាន ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ​។ ចំពោះ​ខេត្ត បន្ទាយ​មាន​ជ័យ​មានស្រុក ក្រុង ចំនួន​៥ គឺ ៖ ស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ ស្រុក​ថ្មពួក ស្រុក​អូរ​ជ្រៅ និង​ក្រុង​សិរី​សោភ័ណ មាន​ឃុំ​សង្កាត់​ចំនួន ៣២​ឃុំ សង្កាត់​។ លោក​បាន​បន្ត​ថា គោលបំណង​គម្រោង គឺ​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល​សំខាន់​ៗ​ចំនួន​បី​គឺ ៖ ១-​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​គាំទ្រ ផលិតភាព​កសិកម្ម និង​កែ​លម្អ​ជីវភាព ដោយ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​។

២-​ការ​កែ​លម្អ​បរិយាកាស​សម្រាប់​ការ​បង្កើត​ផលិតភាព​កសិកម្ម និង​ភាព​ធន់​នឹង​អាកាសធាតុ ។ ៣-​ការ​គ្រប់គ្រង​គម្រោង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ សូម​បញ្ជាក់​ថា សិក្ខាសាលា​ថ្ងៃនេះ មាន​គោលបំណង​សំខាន់​ៗ ដូច​ខាងក្រោម ៖ បង្ហាញ​សកម្មភាព​សំខាន់​ៗ និង​ថវិកា​ដែល​បាន​ឯកភាព​គ្នា នៅ​ក្នុង​AWPB តាម​សមាស​ភាគ​នីមួយ​ៗ​សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​។ ជំរុញ​ការ​ទទួលខុសត្រូវ ក្នុង​ការ​អនុវត្ត​សកម្មភាព​នីមួយ​ៗ ឱ្យ​សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ បង្ហាញ និង​អនុវត្ត​ផ្ទាល់​នូវ​ក្រប​ខណ្ឌ នៃ​ការ​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​សកម្មភាព​របស់​គម្រោង​(AMF)​សម្រាប់​រៀបចំ​របាយការណ៍​៕ ដោយ ៖ ណុ​ប រក្សា