អាជ្ញាធរ​បន្ត​ចុះ​រុះរើ​សំណង់​លើ​ដី​ទំនាស់ និង​វាស់វែង​ចែក​ឲ្យ​ពលរដ្ឋ​១៧៧​គ្រួសារ

363

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​បន្ត​ចុះ​រុះរើ​សំណង់ នៅ​លើ​ដី​ទំនាស់​នៅ​តំបន់​អភិវឌ្ឍន៍ ឫស្សី​កែវ​ដែល​ស្ថិត​នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ និង​វាស់វែង​បែងចែក​ជា​ដី​ឡូត៍ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ ដែល​រស់នៅ​លើ​តំបន់​មិន​រៀបរយ​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ ចំនួន​៨​គ្រួសារ ដែល​កំពុង​តែ​មាន​ទំនាស់​ដីធ្លី មិន​ទាន់​ដោះស្រាយ​ចប់​ក៏​បាន​ផ្ទុះ​ការ​តវ៉ា​ផង​ដែរ​។ ការ​ចុះ​វាស់វែង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក ស៊ូ សោ​គន្ធ និង​លោក ប្រាជ្ញា សីហា អភិបាលរង​ខណ្ឌឫស្សីកែវ​។

Loading...

ខ​ណៈ​នោះ​គេ​សង្កេត​ឃើញ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់​ដើម្បី​ការពារ​គ្រឿងចក្រ និង​សមត្ថកិច្ច​ជំនាញ​ព្រមទាំង​ត្រៀម​រថយន្ត ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ផង​ដែរ​។ តាម​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​ដើម ដែល​ត្រូវ​បាន​អាជ្ញាធរ ឈូស​ឆាយ​យក​ទៅ​ចែ​ន​ជូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​កើតទុក្ខ​មិន​សុខចិត្ត​ផ្ទុះ​ការ​តវ៉ា​ដោយ​អះអាង​ថា អាជ្ញាធរ​មិន​អនុវត្ត​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៨​គ្រួសារ​នោះ​ទេ​។

នៅ​ព្រឹក​នោះ​ដែរ​គេ​ឃើញ ប្រជាពលរដ្ឋ ដែល​ទទួល​បាន​ចំណែក​ដី​ក៏​បាន​ចុះ​ទៅ​ត្រៀបត្រា​ដើម្បី​មើល​ដី​របស់​ខ្លួន​។ ខណៈនោះ​គេ​សង្កេត​ឃើញ សុទ្ធតែ​អ្នកមាន​ជីវី​ភាព​ធូរធា​ជិះ​សុទ្ធ​រថយន្ត​ទំនើប​ៗ ដែល​ជា​ឈ្មួញ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​ជា​ម្ចាស់​ចំណែក​ដី​។ ក្នុង​នោះ​គេ​ឃើញ​លោក បាន ម៉េ​ង​ទូច ដែល​គេ​អះអាង​ថា ជា​ឈ្មួញ​ធំ បាន​ប្រមូល​ទិញ​ដី​អ្នកក្រ​ស្ទើរតែ​ទាំងអស់​(​ទិញ​តែ​បង្កាន់ដៃ​តាំងពី​មិន​ទាន់​បាន​ដី​មក​ម្លេះ​) ហើយ​ថែម​ទាំង​ចេញ​លុយ​ក្នុង​ការ​ចាក់​ផ្លូវ​ទៀត​ផង​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដី​ដែល​បែង​ចែង​នោះ ត្រូវ​បាន​អ្នកមាន​ទិញ​អស់ហើយ នៅ​សល់​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។

បន្ទាប់​ពី​មាន​តវ៉ា​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នេះ​គេ​ឃើញ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អមដំណើរ​ជាមួយនឹង​ក្រុមការងារ បាន​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​នូវ​ចំណាត់​របស់​អាជ្ញាធរ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ថា​តើ​បាន​អនុវត្ត​តាម (​ស​ជ​ណ​) របស់​រាជ​រដ្ឋ​ភិ​បាល​ឬទេ?។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​អាជ្ញាធរ បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ប្រជាពលរដ្ឋ​៨​គ្រួ​សារបាន​ធ្វើ​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​សាលា​ខណ្ឌឫស្សីកែវ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បង្អង់​ចំណាត់ការ​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី​ទំនាស់ ជា​បណ្តោះអាសន្ន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បានការ​ដោះស្រាយ​បន្ត​ពីសា​លា​រាជធានី​ភ្នំពេញ តែ​រដ្ឋបាល​សាលា​ខណ្ឌ​ពុំ​ទទួល​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា