ការ​ប្រែប្រួល​អាកាស ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់ ភ្លៀង​ធ្លាក់​មិន​ទៀងទាត់

321

ខេត្តបន្ទាយមានជ័យ ៖ បរិយាកាស​នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ទឹកភ្លៀង ភាគតិច​នៅ​រដូវវស្សា ហើយ​ក៏​កើត​មាន​ភាពរាំងស្ងួត​នៅ​រដូវប្រាំង ដូចនេះ​ទិស​ដៅ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​អភិវឌ្ឍ​ប្រភព​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

Loading...

នេះ​ជា​ការ​លើក​ឡើង​របស់​លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព បើក និង​បិទ សិក្ខាសាលា​ស្តី​ពី លទ្ធផល​នៃ​ការ​សិក្សា វាយតម្លៃ​ហេតុ​នៃ ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព និង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែល​មានការ​ចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​”​ក​” សាលា​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​នាំ​យក​ទឹក​មក​ស្រោចស្រព​ដីស្រែ ចម្ការ របស់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ភាពរាំងស្ងួត និង​ជួយ​គ្រោះ​ទឹកជំនន់​នៅ​រដូវវស្សា​ដែល​តែងតែ​កើត​មាន នៅ​តាម​បណ្តា​ស្រុក ក្រុង​មួយ​ចំនួន​ជា​រៀង​រាល់​ឆ្នាំ ក្នុង​បន្ទាយ​មាន​ជ័យ​ដូច​ជា ៖ ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​ម៉ា​ឡៃ អូរ​ជ្រៅ និង​ក្រុង​សិរី​សោភ័ណ​ជាដើម​។

ហើយ​គម្រោង​នេះ នឹង​រួមចំណែក​ចូលរួម​ទប់ស្កាត់ ការ​ប្រែប្រួល​អាកាសធាតុ ដែល​កើត​មាន​ទូ​ទាំង​ពិភពលោក ហើយ​សព្វ​ថ្ងៃនេះ ក៏​មាន​ឥទ្ធិពល​លើ​កម្ពុជា យើង​ផង​ដែរ​។ អភិបាលរង​ខេត្ត​ក៏​បាន​បន្ថែម​ថា ៖ ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រពន្ធ​ស្រោចស្រព គឺជា​វិស័យ​អាទិភាព ដែល​មាន​លក្ខណៈ​សម​ស្រប និង​ចាំបាច់​បំផុត​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ហើយ​ក៏​បាន​ចូលរួម​ចំណែក យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ដូច​ជា ៖

វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​ជាដើម ដែល​វិស័យ​ទាំងនេះ​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​គឺ​ផ្លូវ ទឹក ភ្លើង​(​អគ្គិសនី​) និង​ធនធានមនុស្ស ដែល​ជា​បង្គោល​គ្រឹះ​៤ ដ៏​រឹង​មាំ​ដើម្បី​ជំរុញ​ឲ្យ​សង្គម​ជាតិ​មានការ​អភិវឌ្ឍន៍​៕ ដោយ ៖ ណុ​ប រក្សា