ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសស្រាល ដោយឡែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារបើកបរក្នុងល្បឿនលឿននៅចំណុចផ្លូវកោង បណ្តាលឱ្យរេចង្កេតធ្លាក់ប្រឡាយ អត់ទឹក ក្រឡាប់ច្រើនត្រឡប់។ ហេតុការណ៍បើកបររថយន្តក្នុងល្បឿនលឿនត្រង់ផ្លូវកោងធ្លាក់ប្រឡាយអត់ទឹកនេះ បានកើតឡើង នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ជួន ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) ដោយបើកបររថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ អត់ពាក់ស្លាកលេខ រងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នករួមដំណើរមានឈ្មោះ ហួរ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត រីឯវត្ថុតាងកំពុងរង់ចាំសាច់ញាតិជនរងគ្រោះទៅទទួលយកជួសជុល ៕ ដោយ ៖ នីយ៉ា