ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកគោយន្តកន្ត្រៃរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ក្នុងហេតុការណ៍នៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវកែងខាងជើងស្រុកថ្មពួក ប្រ ហែល៨០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ ណើង លីប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើករថយន្ត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-5212 អ្នកបើកបររថយន្តគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។ លោកអធិការបានបញ្ជាក់ថា៖

មុនពេលកើតហេតុគោយន្តកន្ត្រៃបើកពីជើងទៅត្បូង ពេលដល់ចំណុចកើតហេតុរថយន្តធ្វើដំណើរពីត្បូងមកជើង បានបុកចំពីមុខបណ្តាលឲ្យអ្នកបើកគោយន្ត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ គោយន្តខូចខាតទាំងស្រុង និងរថយន្តខូចខាតធ្ងន់ផ្នែកខាងមុខ បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំពោះមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរនេះ បង្កឡើងពីអ្នករថយន្តមិនប្រកាន់ស្តាំ៕ ដោយ ៖ ណុប រក្សា