ក្រសួងមហាផ្ទៃ​នឹង​កែ​អនុក្រឹត្យ ស្តី​ពី​ការ​ផាកពិន័យ​ដល់​អ្នក​ល្មើសច្បាប់​ចរាចរ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ

248

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន នា​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ផែនការ​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរ​ឱ្យ​បាន ៥០​ភាគរយ ចាប់ពី​២០២០​ដល់​ឆ្នាំ​២០៣០ ដើម្បី​ធានា​សុវត្ថិភាព និង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

Loading...

សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា ក្រសួង​នឹង​កែ​អនុក្រឹត្យ​ស្តី​ពី​ការ​ផាកពិន័យ​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​បង្កើន​កម្រិត​ផាកពិន័យ​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​បើកបរ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ជាង​ពេល​មុន ពិសេស​រហូត​ឈាន​ដល់​ការ ដក​ប័ណ្ណបើកបរ​របស់​អ្នក​បរ​ក្នុង​ស្ថានភាព​ស្រវឹង និង​អ្នកបើកបរ​មាន​សារធាតុ​ញៀន​គ្រឿងញៀន ត្រូវ​ពិន័យ​លែងឱ្យ​បើកបរ​អស់​មួយ​ជីវិត ក្នុង​វិធានការ​ឆ្ពោះទៅ​កាត់​បន្ថយ​គ្រោះ ថ្នាក់​ចរណ៍​ឲ្យ​បាន​៥០​ភាគរយ ចាប់ពី​ឆ្នាំ​នេះ​ទៅ​ដល់​ឆ្នាំ​២០៣០​។ សម្តេច​បន្ត​ថា ការ​ដកសិទ្ធិ​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ពលរដ្ឋ​ណា ដែល​ល្មើសច្បាប់​ចរាចរ​នេះ នឹង​ត្រូវធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ត្រូវ​បាន​អប់រំ​និង​ផាកពិន័យ​លើស​ពី​២​ដង នឹង​មិន​ឱ្យ​មាន​សិទ្ធិ​ធ្វើ​ចរាចរ​ក្នុង​រយៈពេល​១​ឆ្នាំទៅ​២​ឆ្នាំ​។

សម្តេច​ក្រឡាហោម​បា​នប​បញ្ជាក់​ថា ការ​កែ​អនុក្រឹត្យ​ស្តី​ពី​ការ​ផាកពិន័យ​ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារ​បច្ចុប្បន្ន​នេះ ការ​អនុវត្ត​ច្បាប់​ចរាចរ​ហាក់​នៅ​ធូរ​លុង នៅឡើយ​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ប្រព្រឹត្ត​លើ្ម​ស​មិនសូវ​ជា​ខ្លាចរអា​នោះ​ឡើយ ខណៈ​ដែល​គ្រោះថ្នាក់​ចរាចរ​ត្រូវ​បាន ដល់​កម្រិត​ប្រកាស​អាសន្ន​។ គោលដៅ​កែ​អនុក្រឹត្យ​ស្តី​ពី​ការ​ផាកពិន័យ​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរ​ឱ្យ​បាន​៥០​ភាគរយ​នៅ​២០២០​ដល់​ឆ្នាំ​២០៣០​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។

ក្នុង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​ចំនួន ៤,១២១​លើក សម្លាប់​មនុស្ស ១,៩៨១​នាក់ និង​រង​របួស ៦,១៤១​នាក់ ក្នុង​អត្រា​នេះ​កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ សូម​បញ្ជាក់​ថា នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ២០២០​នេះ បាន​ធ្វើ​ពិ​ធិ​សន្និបាត​បូក​សរុប លទ្ធផល​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២០ និង​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រមាណ​៥០០​នាក់​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ