សាលក្រម​ផ្តន្ទាទោស​អតីត​ប្រធាន​មន្ទីរ​ខេត្តពោធិ៍សាត់ និង​គូកន​ដាក់​ពន្ធនាគារ​សរុប​១៣​ឆ្នាំ​កន្លះ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស លើ​មន្ត្រី​សាធារណៈ​បម្រើ​ការងារ​នៅ​ខេត្តពោធិសាត់ ពាក់​ពន្ធ​បទល្មើស​ចំនួន​៣​ករណី ១.​បទ​វិ​តិ​ក្រម ២. បទ​រំលោភ​អំណាច និង​៣.​បទ​សម្អាត​ប្រាក់ ដែល​មាន​ជនជាប់ចោទ​ចំនួន​៣​នាក់ សរុប​ទោស​១៣​ឆ្នាំ​កន្លះ​។ សាលក្រម​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ លឿម ប៊ុ​ន​រឿ​ន អតីត​ប្រធាន​មន្ទីរ​ខេត្តពោធិ៍សាត់​ពី​បទ សម្អាត​ប្រាក់ បទ​.​រំលោភ​អំណាច និង​បទ​វិ​តិ​ក្រម ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន ៨.០០០.០០០ លាន​រៀល​។

Loading...

សាលក្រម​បាន​សម្រេច​រឹបអូស​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​ជា​ផល​នៃ​បទល្មើស ឬ​កើត​ចេញពី​ផល​នៃ​បទល្មើស​ត្រូវ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​មាន​ជា​អាទិ៍​ដូច​ជា​៖ អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​បុរី​ប៉េង​ហួត (​ប៉ុស្តិ៍​វិទ្យុ​ស្ទឹង​មាន​ជ័យ​) រាជធានី​ភ្នំពេញ​, អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់​, អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់​, រថយន្ត​ចំនួន​មួយ​គ្រឿង ម៉ាក Lexus 570 ពណ៌​មាស សេរី​ឆ្នាំ​២០១០ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​។ ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ តែ ប៊ុ​ន​ថេ​ង អតីតមន្ត្រី​ច្រក​ចេញចូល​តែ​មួយ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ រៀល​។

ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ជាង វុ​ទ្ធី អតីត​អនុប្រធាន​មន្ទីរ ដាក់​ពន្ធនាគារ​កំណត់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០​រៀល ពី​បទ វិ​តិ​ក្រម​។ សាលក្រម​បាន​បើកផ្លូវ​ទុក​ពេល​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការ​កាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​គឺជា​លើក​ទី​មួយ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​សម្អាត​ប្រាក់​។

សូម​បញ្ជាក់​ទៀត​ថា ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់ខ្លួន​កាល​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់ ខណៈ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឃុបឃិត​គ្នា​ទារប្រាក់​ពី​ម្ចាស់​ដី ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​ចេញ​ច្បាប់​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​លើក​គម្រោង​សាងសង់​រោងចក្រ​មួយ​កន្លែង​។ ការ​ឃាត់ខ្លួន​ជនជាប់ចោទ​គឺ​បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ក្រុង​ពោធិ៍សាត់ ដែល​មន្ត្រី​ទាំង​៣​នាក់​នោះ បាន​ណាត់​ដើមបណ្តឹង​ទៅ​ទទួលយក​ប្រាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ លុះ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​១.​បទ​វិ​តិ​ក្រម តាម​ក្រមព្រហ្មទណ្ឌ ២.​បទ​រំលោភ​អំណាច តាម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក រលួយ និង​៣.​បទ​សម្អាត​ប្រាក់ តាម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញវត្ថុ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់